ភ្នំពេញ៖ នៅចុងសប្តាហ៍នេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានចេញមុខប្រតិកម្មទៅកាន់ក្រុមហ៊ុនស្មាតអាស្យាតាដែលបានកាត់លេខដែលនាងកំពុងប្រើប្រាស់ទៅលក់ឲ្យអ្នកផ្សេងប្រើទៅវិញ។ ទោះជាយ៉ាងណាមិនបាន២៤ម៉ោងផង សារនេះត្រូវបានលុបចេញពីគណនីហ្វេសប៊ុករបស់នាងដែលមានអ្នកFollow ច្រើនជាង៣លាននាក់នោះ។
នេះគឺជាករណីលើកដំបូងដែលសិល្បករលំដាប់ប្រទេសបានចេញមុខរិះគន់ចំៗទៅកាន់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជានោះដែលប្រតិកម្មនេះបានធ្វើឡើងក្រោយពីក្រសួងសាមីបានចេញសេចក្តីប្រកាសមួយទៅកាន់ក្រុមហ៊ុននេះ។
តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាសរូបនេះបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងដែលមានអ្នកFollow ច្រើនជាង៣លានគណនីនោះដោយនាងបានស្នើទៅក្រសួងប្រៃសណីយ៍ឱ្យជួយដោះស្រាយរឿងក្រុមហ៊ុនស្មាតដែលបានយកលេខទូរស័ព្ទរបស់នាងកាត់លក់ឱ្យគេបន្ត ខណៈដែលនាងកំពុងតែប្រើ។អ្នកនាង ពេជ្រ សោភា បានសរសេរតាមហ្វេសប៊ុក នារសៀលថ្ងៃទី២៤ខែកក្កដានេះថា «និយាយត្រូវលេខខ្ញុំកំពុងប្រើ កាត់លក់ឱ្យគេផងអត់ប្រាប់មួយម៉ាត់ ជួយដោះស្រាយឱ្យខ្ញុំផង លេខខ្ញុំប្រើតាំងពីឆ្នាំ2008 មកកាត់លក់ឱ្យគេក្នុងឆ្នាំ2021ខែ4»។ ទោះជាយ៉ាងណានៅថ្ងៃទី២៥ ខែកក្កដានេះ សារដែលត្រូវបានតារាចម្រៀងស្រីរូបនេះបានបង្ហោះត្រូវបានលុបចេញពីគណនីហ្វេសប៊ុកផ្ទាល់របស់នាងហើយ ដោយនាងមិនបានបញ្ជាក់អំពីមូលហេតុនៅពីក្រោយការលុបចេញនេះនោះឡើយ។ ប្រតិកម្មនេះបានធ្វើឡើងក្រោយពីកន្លងទៅថ្មីៗនេះក្រសួងប្រៃណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីចំណាត់ការលើការអនុវត្តខុសទៅនឹងនីតិវិធីក្នុងការប្រើប្រាស់លេខទូរស័ព្ទជូនអតិថិជន។ ដោយក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់កាលពីថ្ងៃទី២២ កក្កដាកន្លងទៅនេះថា ៖
ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដូចខាងក្រោម៖
១. ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួននិងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសាជាថ្មីម្តងទៀត។
២. ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធីក្នុងការបិទលេខទូរស័ព្ទពីអតិថិជនដែលកំពុងប្រើប្រាស់។
៣. ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរស័ព្ទនោះមកប្រើប្រាស់វិញ។
៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមរំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរស័ព្ទចល័តឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាងមានករណីបែបនេះកើតឡើង។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស។
ទោះជាយ៉ាងណាមុននេះដែរក្រុមហ៊ុនស្មាតអាស្យាតា ក៏បានចេញសេចក្តីជូនដំណឹងមួយដែលក្រុមហ៊ុនបានចាត់ទុកថាជាឧប្បត្តិហេតុ ហើយក្រុមហ៊ុនបានចាត់វិធានការនានាភ្លាម ដើម្បីកែតម្រូវបញ្ហានេះ និងក្រោយពីទទួលពាក្យបណ្តឹង និងបានផ្អាកដំណើរការបណ្តោះអាសន្នមុនពេលប្រគល់ជូនទៅកាន់ម្ចាស់កម្មសិទ្ធិស្របច្បាប់វិញនោះ៕
ដោយ ៖ វឌ្ឍនា