ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តាមួយគ្រឿងបុករបាំងថ្មរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងខ្លាំងបានបើករថយន្តស៊េរីទំនើបម៉ាក ម៉ាស្តា ក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវនៅមុខវត្តតាំងកសាង បណ្ដាលឱ្យខ្ទាតចេញចំនួន១ ផ្ទាំង ឯរថយន្តខូចខាតផ្នែកខាងមុខបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១​ រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ នៅចំណុចមុខវត្តតាំងកសាង តាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកម៉ាស្ដាពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AY-4669 ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចមុខវត្តតាំងកសាង​ជាចំណុចកើតហេតុ​ បានរេចង្កូតទៅបុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទាតចេញពីជួរចំនួន១ផ្ទាំង ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ បែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយពិនិត្យឃើញមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទើបសមត្ថកិច្ច ឲ្យម្ចាស់រថយន្តយករថយន្តទៅជួសជុលដោយខ្លួនឯង៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖