ភ្លើងឆេះព្រៃ៦៣កន្លែងនៅទូទាំង២១ខេត្តក្នុងប្រទេសតួកគី ភាគច្រើននៅតាមតំបន់ជាប់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ភ្លើងឆេះព្រៃនេះបណ្តាលឲ្យមានអ្នកស្លាប់៣នាក់ និងជិត១៤០នាក់រងរបួស ហើយតំបន់ប្រជុំជនជាច្រើនបានរងផលប៉ះពាល់ ក្នុងនោះមានតំបន់រមណីយដ្ឋានក្នុងតំបន់ខ្ពង់រាបត្រូវភ្លើងឆេះខ្ទេច។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅ៦ខេត្តតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី ក្នុងនោះមានតំបន់ រមណីយដ្ឋាន Antalya, Adana និង Mersin។
ដោយឡែកនៅក្នុងស្រុក Manavgat ក្នុងខេត្ត Antalya មានភ្លើងឆេះព្រៃព្រមគ្នាជាច្រើនកន្លែង។ តំបន់រមណីយដ្ឋាន Manavgat ដែលមានព្រៃឈើព័ទ្ធជុំវិញបានរងការឆាបឆេះព្រមគ្នា៤លើកនៅល្ងាចថ្ងៃទី២៨ ខែកក្កដា ។
ពលរដ្ឋរស់នៅក្នុង១៨ភូមិនៃស្រុក Manavgat ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ តួកគី (AFAD)បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដា បានបញ្ជាក់ថា មានមនុស្ស៣នាក់ស្លាប់ និង១៣៨នាក់រងរបួស ក្នុងនោះមាន៥៨នាក់របួសធ្ងន់ ។ ព្រៃឈើរុក្ខជាតិប្រព័ន្ធអេកូឡូហ្សុីនិងសត្វព្រៃត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់តួកគីលោក Bekir Pakdemirli បាននិយាយថាក្នុងចំណោមភ្លើងឆេះព្រៃចំនួន៦៣ ក្នុងខេត្តចំនួន២១ ក្នុងនោះមានភ្លើងឆេះព្រៃ២២កន្លែងនៅតែមិនទាន់អាចគ្រប់គ្រងបាន។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan បានឱ្យដឹងថា រដ្ឋាភិបាលនឹងប្រើប្រាស់កម្លាំងទាំងអស់ដើម្បីគ្រប់គ្រងការឆាបឆេះ៕ដោយ៖ធីរីណា
រូបថត៖AA+AFP