ព័ត៌មានទាន់ហេតុការណ៍៖

ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញរថយន្តអស់២៣គ្រឿង និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ យ៉ាងសន្ធោសន្ធៅ ដោយបានឆេះបំផ្លាញរថយន្តអស់ចំនួន២៣គ្រឿង និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់អាយុជីវិត។

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ជិតគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឮសូរសំឡេងផ្ទុះចេញពីចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ហើយមានផ្សែងចេញមកក្រៅជាមួយនឹងអណ្តាតភ្លើងផង ទើបប្រជាពលរដ្ឋរួមទាំងបុគ្គលិកក្រុមហ៊ុនបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ តែទប់ស្តាត់មិនបាន ហើយកាន់តែបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើង។ នៅពេលនោះបុគ្គលិកក្រុមហ៊ុនក៏បានរាយការណ៍ទៅការិយាល័យបង្ការ និងពន្លត់អគ្គិភ័យដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាជាច្រើនគ្រឿង និង រថយន្តជំនួយផ្សេងៗទៀតបានចេញមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ចំនួន៣៥គ្រឿង ក្នុងនោះមាន រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន២១គ្រឿង, រថយន្តរបស់ក្រសួងមហាផ្ទៃចំនួន២គ្រឿង, រថយន្តរបស់ទីក្រុងជ្រោយចង្វាចំនួន១០គ្រឿង និង រថយន្តរបស់ទីក្រុងអូឡាំព្យ៉ាចំនួន២គ្រឿង។

  ចំពោះការខូចខាតក្នុងហេតុការណ៍អគ្គិភ័យនេះបានបំផ្លាញរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំអស់ចំនួន២៣គ្រឿងទាំងស្រុង  និងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់បាត់បង់អាយុជីវិត ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះកម្លាំងសមត្ថកិច្ចប្រើរយៈពេលជាង២ម៉ោងទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៥និង៥០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកអត្តសញ្ញាណដើម្បីឱ្យក្រុមគ្រូសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុ សមត្ថកិច្វជំនាញកំពុងធ្វើការស្រាវជ្រាវជាបន្ត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖