ខេត្តសៀមរាប, បើយោងតាមរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា, ក្រោយពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់ភូមិសាស្ត្រខេត្ត ចំនួន០៨ ដើមី្បទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវិដ១៩ ប្រភេទដែលតា ( Delta ) ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ ក្នុងស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនាពេលបច្ចុប្បន្នមានការកើនឡើងនោះ រដ្ឋបាលខេត្តសៀមរាបបានសម្រេចការបិទខ្ទប់ភូមសាស្ត្រសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប កំណត់ជាតំបន់លឿងទុំ មានសង្កាត់ស្វាយដង្គំ ,សង្កាត់សាលាកំរើក , សង្កាត់ស្លក្រាម និង សង្កាត់គោកចក ព្រមទាំងឃុំចំនួន៣ ក្នុងស្រុកសូទ្រនិគម ក្នុងនោះឃុំកំពង់ឃ្លាំង កំណត់ជាតំបន់ក្រហម និង ឃុំដានរុន ,ឃុំកៀនសង្កែរ កំណត់ជាតំបន់លឿងទុំ ដើមី្បចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទ ដែលតា កាលពីវេលាម៉ោង០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។
រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចការបិទខ្ទប់ភូមិសាស្ត្រឃុំនិងសង្កាត់ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹង ជាវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះសកម្មភាព មុខរបរ អាជីវកម្ម ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស និងបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ -១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ក្នុងការបិទខ្ទប់ជាបណ្តោះអាសន្ននេះ ក្រោយពីមានករណីឆ្លងរាលដាលជាបន្តបន្ទាប់ដោយមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃជំងឺកូវីដ-១៩ ជាពិសេស គឺមេរោគបំប្លែងថ្មីដែលហៅថា (ដែលតា) នោះ ទើបរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់សង្កាត់ ឃុំ និងទីតាំងមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយ សារតំបន់ខាងលើមានការទំនាក់ទំនងគ្នា ជាពិសេសតំបន់ក្រហម ដែលអាជ្ញាធរខេត្តនឹងបិទខ្ទប់មិនឲ្យមានការចេញចូលក្នុងរយ:ពេល១៤ថ្ងៃ ។ក្នុងសកម្មភាពក្នុងបិទខ្ទប់នេះ យើងសង្កេតឃើញមានកម្លាំងចម្រុះ រួមមានកម្លាំងនគរបាល កងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងសៀមរាប កម្លាំងសន្តិសុខអាជ្ញាធរជាតិអប្សរា មេភូមិ ប្រជាការពារភូមិ បានចាប់ផ្តើមអនុវត្តនូវ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ចំពោះការកំណត់តំបន់ “លឿងទុំ និងក្រហម” ដោយបានឈរនៅប្រចាំការនៅក្រោមកម្តៅថ្ងៃ និង ដំណក់ទឹកភ្លៀង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ។ ក្នុងសកម្មភាពនោះដែរ កម្លាំងសមត្ថកិច្ចយើង បានធ្វើការណែនាំមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកដំណើរ ដែលបានឆ្លងកាត់នៅ តាមគោលដៅរបស់ខ្លួន និង បានអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងតំបន់ “លឿងទុំនិងក្រហម” គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ នឹងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ: គឺយើងត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល, ៣កុំ: គឺកុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា យើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ និង ការពារជំងឺកូវីដ-១៩ ពីព្រោះថា កូវីដមិនរើសអើងអ្នកណាម្នាក់ឡើយ ៕
ដោយ៖ សិលា