គិតត្រឹមព្រឹកថ្ងៃទី៣ខែសីហា ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងជិត ២០០លាននាក់ហើយ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកពិភពលោករកឃើញករណីឆ្លងថ្មីសរុបជាង៤៤៦ពាន់នាក់និងស្លាប់ជាង៧ពាន់នាក់។
តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៣ខែសីហា នៅទូទាំងពិភពលោកមានករណីឆ្លងសរុប199.509.020នាក់ និងស្លាប់ 4.247.161នាក់។ ចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ តំបន់ដែលមានករណីឆ្លងខ្ពស់ជាងគេគឺអាស៊ី និង អឺរ៉ុប។
ការឆ្លងកូវីដ-១៩ រយៈពេលជិត២ឆ្នាំកន្លងមក បានឆ្លងរាលដាលដល់២១៩ ប្រទេសនិងដែនដី ។ ជាមួយគ្នានេះក៏មានអ្នកជំងឺ 179.997.953 បានព្យាបាលជាសះស្បើយផងដែរ ។
អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី Delta អាចឆ្លងរាលដាលខ្ពស់ ធ្វើឲ្យតំបន់ជាច្រើន មានករណីឆ្លងកើនឡើង ។
តាមការលើកឡើងរបស់ WHO វីរុសបំប្លែងខ្លួនថ្មីដែលតាបានបង្ហាញវត្តមាននៅ១៥ប្រទេសក្នុងចំណោម២២ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ។ គិតត្រឹមចុងខែកក្កដា មានពលរដ្ឋនៅមជ្ឈិមបូព៌ាតែ ៤១លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
មកទល់ពេលនេះ មានពលរដ្ឋនៅលើពិភពលោកតែ២៨,៥% ប៉ុណ្ណោះបានចាក់វ៉ាក់សាំងដូសទីមួយ និង ១៤,៧%បានចាក់ដូសទីពីរ ។ សរុបវ៉ាក់សាំង ៤,១៨ ពាន់លានដូសបានចាក់ជូនពលរដ្ឋនៅទូទាំងពិភពលោក ហើយក្នុងមួយថ្ងៃៗមានវ៉ាក់សាំងយ៉ាងតិច៣៩លានដូសបានចាក់ជូនពលរដ្ឋ៕
ដោយ៖ធីរីណា(រូបភាព៖AFP/TTXVN)