ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប់រួមនឹងចាក់វ៉ាក់សាំងស៊ីណូហ្វាមដល់កុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ

ចែករំលែក៖

ប្រទេសអារ៉ាប់រួម (UAE) បានប្រកាសថា នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រភេទស៊ីណូហ្វាមរបស់ចិនឲ្យកុមារអាយុចាប់ពី៣ឆ្នាំឡើងដល់១៧ឆ្នាំ ។
នៅថ្ងៃទី២ខែសីហា នាយកគ្រប់គ្រងគ្រោះអាសន្នអារ៉ាប់រួម (NCEMA) បានបង្ហោះលើបណ្តាញសង្គម Twitter ថាប្រទេសនេះនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនកុមារមានអាយុចាប់ពី៣ឆ្នាំដល់១៧ឆ្នាំ ។ តាមការបញ្ជាក់របស់(NCEMA) ការសម្រេចខាងលើគឺក្រោយការវាយតម្លៃនិងធ្វើតេស្តលើកចុងក្រោយ។
តាមសារព័ត៌មានRTរបស់រុស្ស៊ីបានផ្សាយថា មន្ត្រីអារ៉ាប់រួមកាលពីខែកក្កដា បានធ្វើតេស្តលើកុមារ ចំនួន៩០០នាក់នូវប្រភេទវ៉ាក់សាំង ស៊ីណូហ្វាម ដើម្បីតាមដានស្ថានភាព ។ ប្រទេសអារ៉ាប់រួម ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ខ្ពស់បំផុតលើពិភពលោក ។ ប្រទេសនេះបានចាក់វ៉ាក់សាំង ដល់កុមារមានអាយុចាប់ពី១២ឆ្នាំឡើងនូវប្រភេទវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ។ ក្រសួងសុខាភិបាលអារ៉ាប់រួមបានបញ្ជាក់ថា ប្រទេសនេះបានចាក់វ៉ាក់សាំង ជូនពលរដ្ឋបានដល់ទៅ ៧៨,៩៥%ក្នុងចំណោមពលរដ្ឋជាង ៩លាននាក់ និងពលរដ្ឋទទួលបានការចាក់ដូសទីពីរបានជាង ៧០,៥៧% ហើយ។
អារ៉ាប់រួមក៏បានសហការជាមួយក្រុមហ៊ុនស៊ីណូហ្វាម និងក្រុមហ៊ុន Group 42 ដើម្បីផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួនដែរ។
សារព័ត៌មានស៊ីនហួ បានផ្សាយថា តាមលទ្ធផលនៃការស្រាវជ្រាវរបស់មហាវិទ្យាល័យ Jayewardenepura ក្នុងប្រទេសស្រីលង្កាបង្ហាញឱ្យឃើញថា វ៉ាក់សាំងស៊ីណូហ្វាម មានប្រសិទ្ធភាពទប់ស្កាត់បានទាំងវីរុសបំប្លែងខ្លួនថ្មីដែលតាមានប្រភពមកពីប្រទេសឥណ្ឌា ៕

ដោយ៖ធីរីណា(រូបថត៖Reuters)


ចែករំលែក៖