ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះថៃ​​៖​ បន្ត​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ៗខ្ពស់ រហូត​ជិត២ម៉ឺន​នាក់​ និងអ្នកជំងឺស្លាប់១៤៧នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៨,៩០១ករណីបន្ថែមទៀត​ និងអ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀត​ ត្រូវបានរាយការណ៍ថា ស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា។

ក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,១៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧៤៣ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។

បច្ចុប្បន្ន ប្រទេសថៃ​ ត្រូវ​បានគេមើលឃើញថា កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបំប្លែងខ្លួនថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ។គួរបញ្ជាក់ថា ប្រទេសថៃ​ រហូតមកទល់ពេលនេះ​ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៥២,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៣១៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៣៧,៨៣១នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖