អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៨,៩០១ករណីបន្ថែមទៀត និងអ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀត ត្រូវបានរាយការណ៍ថា ស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា។
ក្រសួងសុខាភិបាលថៃ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,១៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧៤៣ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។
បច្ចុប្បន្ន ប្រទេសថៃ ត្រូវបានគេមើលឃើញថា កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបំប្លែងខ្លួនថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ។គួរបញ្ជាក់ថា ប្រទេសថៃ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៥២,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៣១៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៣៧,៨៣១នាក់៕
ដោយ៖ស តារា