ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសថា ទីក្រុងប៉េកាំង នឹងខិតខំផ្គត់ផ្គង់វ៉ាក់សាំង ចំនួន២ពាន់លានដូសដល់ ពិភពលោកនៅក្នុងឆ្នាំ២០២១នេះ ហើយផ្តល់ជំនួយដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកចំនួន១០០លានដូស ។
សារព័ត៌មាន AFP បានដកស្រង់ការប្រកាសខាងលើរបស់ប្រធានាធិបតីចិននៅក្នុងវេទិកាអនឡាញស្តីពីកិច្ចសហប្រតិបត្តិការ វ៉ាក់សាំងប្រឆាំងកូវិដ-១៩ ។ ប្រធានាធិបតីចិន បានប្រកាសតាមបណ្តាញទូរទស្សន៍ជាតិ CCTV ថា «នៅក្នុងឆ្នាំ២០២១ ចិនបានព្យាយាមផ្គត់ផ្គង់វ៉ាក់សាំង ចំនួន២ពាន់លានដូសដល់ពិភពលោក »។ ជាមួយគ្នានោះចិនក៏បានផ្តល់ជំនួយដល់កម្មវិធី COVAX ចំនួន១០០លានដូសដែរដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍។
កាលពីខែកក្កដាកន្លងមក នៅក្នុងកិច្ចប្រជុំ APEC ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រកាសថា ចិននឹងផ្តល់ជំនួយវ៉ាក់សាំងចំនួន៣ពាន់លានដូសដល់បណ្តាប្រទេសនៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
គិតត្រឹមចុងខែកក្កដា ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសរបស់ខ្លួនបានផ្គត់ផ្គង់វ៉ាក់សាំងចំនួន៧០០លានដូសហើយដល់បណ្តាប្រទេសគិតត្រឹមដើមឆ្នាំ២០២១មក។
បច្ចុប្បន្នចិនកំពុងប្រឈមនិឹងការឆ្លងកូវីដ-១៩ ប្រភេទដែលតា នៅក្នុងតំបន់មួយចំនួន ហើយមន្ត្រីក្នុងតំបន់បានធ្វើតេស្តទ្រង់ទ្រាយធំក្នុងតំបន់ដែលមានករណីផ្ទុះកូវីដថ្មី ដូចជាទីក្រុងវូហានជាដើមដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
តាមតួលេខរបស់ មហាវិទ្យាល័យ Johns Hopkins គិតត្រឹមថ្ងៃទី ៥ខែសីហា ចិនមានករណីឆ្លងកូវីដ-១៩ សរុប៩៣.២០០នាក់ និងស្លាប់៤៦៣៦ នាក់ ។ មកទល់ពេលនេះចិនបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានជាង ១,៧ពាន់លានដូសហើយ៕
ដោយ៖ ធីរីណា(ដោយ៖AP)