ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនប្រារព្ធខួប៧៦ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា

ចែករំលែក៖

នៅព្រឹកថ្ងៃទី៦ ខែសីហា ជប៉ុនបានប្រារព្ធខួប៧៦ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។
មិនខុសពីឆ្នាំ២០២០នោះឡើយ ព្រឹត្តិការណ៍ឆ្នាំនេះក៏បានរៀបចំនៅរមណីយដ្ឋានសន្តិភាពក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាដែរ តែត្រូវកាត់បន្ថយចំនួនអ្នកចូលរួមដោយសារតែស្ថានភាពនៃការឆ្លងកូវីដ-១៩ ។ ក្នុងចំណោមមនុស្ស៨៨០នាក់ចូលរួម មាននាយករដ្ឋមន្ត្រី Suga Yoshihide និងមន្ត្រីក្នុងតំបន់ ព្រមទាំងភ្ញៀវអញ្ជើញមានមន្ត្រីការទូតបរទេសជាដើម។
សំឡេងជួងបានបន្លឺឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ដែលជាពេលវេលាកាលពី៧៦ឆ្នាំមុន ពលរដ្ឋនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាត្រូវទទួលរងនូវសោកនាដកម្ម ដោយការទម្លាក់គ្រាប់បែកបរមាណូពីកម្លាំងទាហានអាមេរិក។
នៅក្នុងសុន្ទរកថា អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Matsui Kazumi បានអំពាវនាវដល់បណ្តាមេដឹកនាំនៅជុំវិញពិភពលោកគាំទ្រដល់សន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ។ ចំណែកនាយករដ្ឋមន្ត្រី Suga Yoshihide ដែលលើកដំបូងចូលរួមក្នុងតំណែងជានាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលនឹងខិតខំដើម្បីទទួលបានសំឡេងរួមគ្នារវាងប្រទេសមហាអំណាចបរមាណូ ដើម្បីឈានដល់ការរំសាយអាវុធប្រល័យលោកនោះ។
កាលពី៧៦ឆ្នាំមុន នៅថ្ងៃទី ៦ខែសីហាឆ្នាំ១៩៤៥ គ្រាប់បែកបរមាណូបានផ្ទុះនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាសម្លាប់មនុស្ស១៤០.០០០នាក់ ។ ក្រោយមក៣ថ្ងៃអាមេរិកបានបន្តទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងណាហ្គាសាគី នាថ្ងៃទី៩ខែសីហា សម្លាប់មនុស្ស ៧៤ពាន់នាក់ទៀត។ ប៉ុន្តែក្រោយមកក៏មានមនុស្សរាប់សិបពាន់នាក់ស្លាប់សោយសារតែសារធាតុវិទ្យុសកម្មបង្កឡើងពីគ្រាប់បែកបរមាណូទាំងពីរគ្រាប់នោះ៕ដោយ៖ធីរីណា

រូបថត៖Time Out.

ប្រភព៖vov.vn


ចែករំលែក៖