ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីលុបចោលការត្រួតពិនិត្យព្រហ្មចារីលើស្ត្រីដែលចូលបម្រើកងទ័ព

ចែករំលែក៖

ជាច្រើនទសវត្សរ៍កន្លងមក ឥណ្ឌូនេស៊ីបានអនុវត្តច្បាប់ជ្រើសរើសទាហានស្រីថ្មី គឺត្រូវតែនៅព្រហ្មចារី ទើបអនុញ្ញាតឲ្យចូលបម្រើក្នុងជួរកងទ័ពបាន។ ស្ត្រីពេញវ័យអស់ព្រហ្មចារីហើយ គឺមិនអនុញ្ញាតឲ្យចូលបម្រើកងទ័ពឡើយ ។
ប៉ុន្តែច្បាប់ត្រួតពិនិត្យនោះត្រូវបានលុបចោលវិញហើយនៅពេលនេះ។ ឧត្តមសេនីយ៍ Andika Perkasa បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ការត្រួតពិនិត្យព្រហ្មចារីសម្រាប់ការរើសទាហានស្រីដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមកត្រូវបានបញ្ចប់។
សារព័ត៌ Guardian នៅថ្ងៃទី៦ខែសីហា បានផ្សាយថា នៅក្នុងកិច្ចប្រជុំអនឡាញជាមួយបណ្តាមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី អគ្គមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី ឧត្តមសេនីយ៍ Andika Perkasa បានបញ្ជាក់ថា ទម្លាប់ត្រួតពិនិត្យព្រហ្មចារីទាហានស្រីមុនចូលបម្រើកងទ័ពត្រូវតែបញ្ចប់ ។ លោកបន្តទៀតថា ការជ្រើសរើសកងទ័ពស្រីគឺពឹងផ្អែកទៅលើសមត្ថភាព ចំណេះដឹង មិនមែនលើបញ្ហាព្រហ្មចារីនោះឡើយ។
ឧត្តមសេនីយ៍ Perkasa បានបញ្ជាក់ទៀតថា «នឹងមិនមានការត្រួតពិនិត្យសុខភាពដែលមានគោលដៅពិនិត្យព្រហ្មចារីទៀតទេ ។ ការត្រួតពិនិត្យណាដែលមិនពាក់ព័ន្ធ និងមិនសំខាន់សម្រាប់បម្រើកងទ័ពគឺត្រូវលុបចោល។ យើងជ្រើសរើសទាហានស្រី និងទាហានប្រុសដួចគ្នា»។
ប៉ុន្តែនៅមានករណីមួយចំនួនត្រូវត្រួតពិនិត្យ គឺស្ត្រីដែលនឹងត្រូវរៀបការជាមួយទាហានត្រូវតែពិនិត្យព្រហ្មចារី បើនៅបរិសុទ្ធទើបអនុញ្ញាតឲ្យរៀបការជាមួយទាហាន។
អង្គការសិទ្ធិមនុស្សបានអបអរសាទរដល់ការសម្រេចខាងលើរបស់ឥណ្ឌូនេស៊ី ។ តាមអង្គការសិទ្ធិមនុស្ស ការត្រួតពិនិត្យព្រហ្មចារីទាហានជ្រើសរើសថ្មីគឺជាការរំលោភបំពាន អវិទ្យាសាស្ត្រ និងការរើសអើងចំពោះទាហានស្រីថ្មី៕

ដោយ៖ធីរីណា(រូបភាព៖ AFP)


ចែករំលែក៖