គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៩ សីហានេះ សហរដ្ឋអាមេរិកបានឈ្នះមេដាយមាសច្រើនជាងសាធារណរដ្ឋប្រជាមានិតចិនវិញហើយ នៅក្នុងតារាងមេដាយមាសព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០។ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើន១១៣ ដោយមេដាយមាសមាន៣៩គ្រឿង, ប្រាក់៤១ និងសំរិទ្ធិ៣៣។
ចិនបានឈរលេខ២ ឈ្នះមេដាយមាស៣៨គ្រឿង, ប្រាក់៣២ និងសំរិទ្ធិ១៨គ្រឿង សរុប៨៨គ្រឿង ខណៈដែលម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស២៧គ្រឿង, ប្រាក់១៤ និងសំរិទ្ធិ១៧គ្រឿង សរុប៥៨គ្រឿង។ ប្រទេសអង់គ្លេសបានហក់ឡើងមកឈរចំណាត់ថ្នាក់លេខ៤ដោយទទួលបានមេដាយមាស២២គ្រឿង ប្រាក់២១ និងសំរិទ្ធិ២២គ្រឿង សរុប៦៥គ្រឿង ។
ចំណាត់ថ្នាក់លេខ៥បានទៅរុស្ស៊ីឈ្នះមេដាយមាស២០គ្រឿង, ប្រាក់២៨និងសំរិទ្ធិ២៣គ្រឿង សរុប៦៣គ្រឿង។ រីឯអូស្ត្រាលីបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៦វិញ ដោយឈ្នះមេដាយមាស១៧គ្រឿង, ប្រាក់៧គ្រឿង និងសំរិទ្ធិ២២គ្រឿង សរុប៤៦គ្រឿង។
ដោយឡែកប្រទេសនៅតំបន់អាស៊ានចំនួន៤មានការប្រែប្រួលមេដាយខ្លះ ដោយប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់១គ្រឿង និងសំរិទ្ធិ៣គ្រឿង សរុប៥គ្រឿង, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់២គ្រឿង និងសំរិទ្ធិ១គ្រឿងសរុប៤គ្រឿង, ប្រទេសថៃដណ្តើមបានមេដាយមាស១គ្រឿង និងសំរិទ្ធិ១គ្រឿង ហើយប្រទេសម៉ាឡេស៊ីទទួលបានមេដាយប្រាក់១ និងសំរិទ្ធិ១គ្រឿង។
គិតត្រឹមព្រឹកថ្ងៃទី៩ សីហានេះ មានតែសហរដ្ឋអាមេរិកមួយគត់កំពុងនាំមុខគេ ជាប្រទេសដែលដណ្តើមបានមេដាយសរុបច្រើនជាងគេរហូតដល់១១៣គ្រឿង ខណៈដែលចិនឈរលេខ២មានមេដាយសរុបទាំងអស់៨៨គ្រឿង៕
ដោយ៖ ភារៈ(រូបភាព ៖ Olympics.com)