មន្ត្រីថៃបានឱ្យដឹងថា បានខិតខំស្តារមុខមាត់ និងទំនុកចិត្តឡើងវិញ ក្រោយពីអ្នកទេសចរជនជាតិស្វ៊ីសម្នាក់រងការសម្លាប់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្មវិធី ទេសចរណ៍”Phuket sandbox” សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់អាចទៅកម្សាន្តនៅភូកេតបាន។
បើទោះបីកម្លាំងប៉ូលិសបានខិតខំ ស្វែងរកចាប់ខ្លួនជនដៃដល់សម្លាប់អ្នកទេសចរជនជាតិស្វ៊ីស ប៉ុន្តែករណីខាងលើបានធ្វើឲ្យរូបភាពនៃសុវត្ថិភាពភូមិត្រូវបានបាត់បង់ ហើយអ្នកទេសចរនឹងមិនមានទំនុកចិត្តទៀតឡើយ ។ ស្ត្រីរងគ្រោះ អាយុ៥៧ឆ្នាំ ជាបុគ្គលិកការបរទេស ស្វ៊ីស ហើយហេតុការណ៍ខាងលើបានផ្សព្វផ្សាយយ៉ាងខ្លាំងនៅទូទាំងពិភពលោក។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា ការសម្លាប់មនុស្សធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្មវិធី “Phuket sandbox” និងធ្វើឲ្យបាត់បង់ទំនុកចិត្តពីក្រុមអ្នកទេសចរបរទេស ។ ភាគីពាក់ព័ន្ធ មានក្រសួងទេសចរណ៍ជាអ្នកទទួលខុសត្រូវ ។ លោកបន្តទៀតថា ហេតុការណ៍ខាងលើមិនគួរកើតឡើងឡើយ ខណៈកម្មវិធី Phuket Sandbox កំពុងតែដើរទៅមុខ ហើយមានទីផ្សារជាច្រើនបានយកចិត្តទុកដាក់។ ជាមួយគ្នានេះក្រសួងទេសចរណ៍ ថៃនឹងបញ្ជូនប្រាក់សំណងចំនួន ១លានបាត(ប្រមាណ៣ម៉ឺនដុល្លារ) ដល់គ្រួសារជនរងគ្រោះ។
លោក Phiphat Ratchakitprakarn បានស្នើដល់ អ្នកទទួលភ្ញៀវទេសចរបរទេស គឺត្រូវតែរឹតបន្តឹងសន្តិសុខ ហើយខិតខំពន្យល់ដល់អ្នកទេសចរថាមានសុវត្ថិភាព ។ ជាមួយគ្នានេះដែរប៉ូលិសទេសចរណ៍ថៃមានចំនួនតិច ដូច្នេះត្រូវការបន្ថែមកម្លាំងសន្តិសុខ ការពារសុវត្ថិភាពដល់អ្នកទេសចរ៕
ដោយ៖ធីរីណា(រូបភាព៖Achadtaya Chuenniran/BangkokPost)