អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ប្រចាំថ្ងៃស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៩,៦០៣ករណីបន្ថែមទៀត អ្នកជំងឺចំនួន ១៤៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
ជាក់ស្ដែងបើតាមក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,២៩០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣១៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ១៩,៨១៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ គិតត្រឹមសប្តាហ៍នេះ ប្រទេសថៃ បានចាក់សរុបជិត ២០លានដូស ក្នុងនោះប្រជាជនជាង ៤លាននាក់ (ជាង៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
គួរបញ្ជាក់ថា ប្រទេសថៃ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៧៦,១០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៣៥៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៥៥,៣៣៤នាក់៕ដោយ៖ស តារា