ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១នេះ កម្ពុជាបានត្រៀមរថយន្តចំនួនពីរគ្រឿងសម្រាប់ដឹកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(សុីណូវ៉ាក់)ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ខែ សីហា ឆ្នាំ ២០២១នេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ៣លានដូសបន្តថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន ដឹកមកដល់កម្ពុជានៅម៉ោង៩ព្រឹកនេះហើយ។
នេះបើយោងតាមការបញ្ជាក់ពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃម្សិលមុិញ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​​ មាន​ ៨០,៣៨%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១៨,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ចាប់តាំងពីដើមឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូសជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។ ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ជូនភាគីកម្ពុជាសម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីនអុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។ ពិសេសចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។
កន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន៕

ដោយ៖ សិលា


ចែករំលែក៖