ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបន្ដការអនុវត្តវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេច ស្តីពី ការបន្តអនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ប្រការ១…ត្រូវបន្តអនុវត្តវិធានការដ្ឋបាលដោយផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាម គោចរនៅចន្លោះម៉ោង២១(ម្ភៃមួយ)ដល់ម៉ោង៣(បី) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិ សាស្ត្រខេត្តកំពង់ធំ ដែលមានថិរវេលាអនុវត្តរយៈពេល៧(ប្រាំពីរ)ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ប្រការ២…ត្រូវផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាលឌីស្តូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់និង សេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
ប្រការ៣…ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្ស ចូលរួមលើសពី ១០(ដប់)នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែក្នុងករណីដូចខាងក្រោម៖

-ការជួបជុំក្នុងចំណោមសមាជិក គ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នាការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

-ការជួបជុំរបស់ស្ថាប័នសាធារណៈ

-ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍
-ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការ ជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
-ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
– ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ត្រូវផ្អាកបណ្តោះអាសន្នរាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

ប្រការ៤….ត្រូវផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។
ប្រការ៥…ត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅចន្លោះម៉ោង ២១(ម្ភៃមួយ) ដល់ម៉ោង ៣(បី) លើកលែងតែក្នុងករណីដូចខាងក្រោម៖

– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត

– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការក្រុមអគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មជូនស្ថាប័ន/អង្គភាព
– ការធ្វើចរាចររបស់រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសម្រាម សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូប អាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន

– ការធ្វើដំណើររបស់បុគ្គលិក និងកម្មករទៅកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកដំណើរការជាធម្មតា

– ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រការ៦…រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលត្រូវបាន អនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត។

ប្រការ៧…បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលបំពានវិធានការរដ្ឋបាលដូចមានចែងក្នុងប្រការ២ ដល់ប្រការ៦ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ តាមសេចក្តីសម្រេចលេខ ០៤៦/២១សសរ ចុះថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ឬ/និងផ្តន្ទាទោសដាក់ពន្ធនាគារស្របច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាន។ ប្រការ៨…បទបញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្ត ដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៩…នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាល ក្រុង/ស្រុកទាំង០៩ មន្ទីរ/អង្គភាពជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ៖ សិលា


ចែករំលែក៖