នៅថ្ងៃទី១២ខែសីហា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ បានដំណើរការដោយជោគជ័យ លិខិតឆ្លងដែនសុខភាព អេឡិចត្រូនិក IATA Travel នៅលើជើងហោះហើរដំបូងបង្អស់ចេញពីទីក្រុងហាណូយទៅកាន់ ទីក្រុងណារីតា ប្រទេសជប៉ុន។
នេះជាលើកដំបូងដែលអ្នកដំណើរចូលរួមសាកល្បងដោយជោគជ័យ ដែលជាការចាប់ផ្តើមកម្មវិធីហោះហើរ IATA Travel Pass ជួយដល់វៀតណាមដំណើរការជើងហោះហើរអន្តរជាតិឡើងវិញក្នុងពេលឆាប់ៗ និងប្រកបដោយ សុវត្ថិភាព ជាឱកាសជួយដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ដំណើរការឡើងវិញក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ-១៩។
អ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពេទ្យ ហុងង៉ុក ដែលក្រសួងសុខាភិបាលបានផ្តល់លិខិតអនុញ្ញាត និងជាមន្ទីរពិសោធន៍ដែល IATA ទទួលស្គាល់ និងចាត់តាំង។ អ្នកដំណើរនឹងទទួលបានការធ្វើតេស្តយ៉ាងឆាប់រហ័ស និងបង្កើតឯកសារផ្ទាល់ខ្លួនពីស្ថានភាពកូវីដ-១៩ នៅប្រព័ន្ធស្គេនកូដ QR code ដើម្បីបញ្ជាក់ពីស្ថានភាពកូវីដ-១៩ ។ អ្នកដំណើរដែលធ្វើតេស្តអវិជ្ជមាន ពេលស្គេនកូដ នឹងបង្ហាញថា « Ok to Travel » ។
លទ្ធផលសាកល្បងបង្ហាញឱ្យឃើញថា ជាជោគជ័យយ៉ាងធំធេងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីចូលរួមជាមួយសមាគមដឹកជញ្ជូនតាមដែនអាកាស (IATA) ដែលបានព្រមព្រៀងកាលពីខែឧសភាកន្លងមក។ នៅពេលនេះវៀតណាមនឹងដំណើរការសាកល្បងពីពេលនេះរហូតដល់ដំណាច់ខែសីហាឆ្នាំ២០២១ ដោយហោះហើរទៅកាន់ទីក្រុងតូក្យូ និងទីក្រុងឡុងដុង ប្រទេសអង់គ្លេស៕ដោយ៖ធីរីណា
រូបភាព៖vtc.vn