ព័ត៌មានទាន់ហេតុការណ៍៖

រាយខ្សែភ្លើងឆក់ត្រីតែភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងស្លាប់ក្នុងទឹកស្រះនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិប្រទះឃើញអណ្តែតនៅក្នុងទឹកស្រះក៏នាំគ្នាប្រញាប់ប្រញាល់ស្រង់ដាក់លើគោកដើម្បីជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈដែលជនរងគ្រោះរូបនេះទៅឆក់ត្រី តែចៃដន្យអាក្រក់ភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងស្លាប់ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង១១និង៥០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះសាន់ វណ្ណៈ អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ក្នុងភូមិសង្កាត់ខាងលើ។
បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅពិនិត្យ សពហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។បុរសខាងលើបានរាយខ្សែភ្លើងក្នុងគោលបំណងឆក់យកត្រី តែចៃដន្យភ្លាត់ស្នៀតបណ្ដាលអោយឆក់ស្លាប់នៅទឹកស្រះខាងក្រោយផ្ទះខ្លួនឯង។ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ យឹម សុថាន


ចែករំលែក៖