ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី៖ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានភៀសខ្លួនជាមួយរថយន្ត៤គ្រឿងសុទ្ធតែដឹកប្រាក់ទាំងអស់

ចែករំលែក៖

កាលពីថ្ងៃទី១៥ ខែសីហា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន បានភៀសខ្លួនចេញពីរដ្ឋធានីកាប៊ុល ក្រោយក្រុមតាលីបង់ចូលដល់រដ្ឋធានី។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថានលោក Nikita Ishenko បានឱ្យដឹងថា ប្រធានាធិបតី Ghani ទទួលបានការការពារពីរថយន្តជាច្រើនគ្រឿង ក្នុងនោះមានរថយន្ត៤គ្រឿងផ្ទុកប្រាក់សុទ្ធទាំងអស់ ដើម្បីគេចខ្លួនចេញពីប្រទេស។
ប្រាក់ទាំងនោះបានបញ្ជូនឡើងឧទ្ធម្ភាគចក្រដើម្បីចាកចេញពីប្រទេស មុនពេលក្រុមតាលីបង់ គ្រប់គ្រងប្រទេសទាំងស្រុង ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ឧទ្ធម្ភាគចក្រដឹកប្រាក់មិនអស់នៅមានសល់ជាច្រើនទៀតនៅក្នុងរថយន្ត ទុកឱ្យកូនចៅចែកចាយគ្នា។
ពាក់ព័ន្ធនឹងទីតាំងដែលអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានទៅលាក់ខ្លួន តាមព័ត៌មានផ្លូវការថ្មីមួយត្រូវបានបញ្ជាក់ថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន គឺកំពុងស្ថិតនៅប្រទេសអូម៉ង់ ដើម្បីត្រៀមបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍ខាងលើនេះបានបន្តទៀតថា លោក Hamdullah Mohib ដែលត្រូវជាអតីតទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថាន ក៏កំពុងស្ថិតនៅជាមួយលោក Ghani ផងដែរ។ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ធ្លាប់បានបង្ហោះសារនៅលើគណនី Facebook របស់លោកថា ការសម្រេចចិត្តចាកចេញពីប្រទេសលោក គឺដើម្បីចៀសវាងនូវការបង្ហូរឈាមរវាងកងកម្លាំងរក្សាសន្តិសុខអាហ្វហ្គានីស្ថាន និងក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលអាចនឹងនាំឲ្យប្រជាជនរាប់លាននាក់ កំពុងរស់នៅទីក្រុងកាប៊ុលជួបវិបត្តិកាន់តែខ្លាំងថែមទៀត។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានមួយរូបទៀត គឺលោក ហាមីដ កាហ្សៃ (Harmid Karzai) និងប្រធានក្រុមប្រឹក្សាផ្សះផ្សាជាតិជាន់ខ្ពស់ លោក Abdullah Abdullah កំពុងស្ថិតនៅក្នុងរដ្ឋធានីកាប៊ុលនៅឡើយ ដើម្បីចរចាបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ជាមួយនិងក្រុមតាលីបង់ ប៉ុន្តែគេនៅមិនទាន់ដឹងអំពីដំណើរវិវឌ្ឍចុងបញ្ចប់ថា នឹងទៅជាយ៉ាងណានោះឡើយ៕ដោយ៖ ធីរីណា

រូបភាព៖Getty


ចែករំលែក៖