ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​បំភ្លឺ​ជូនសាធារណជន​ករណីបេីកសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសង

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ នៅថ្ងៃទី១៨ ខែសីហានេះ​បា​នសរសេររៀបរាប់បំភ្លឺ​លេីករណីបេីក​សង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងនៅ​ភូមិសាស្រ្តឃុំស្វាយពោធិ៍ ស្រុកស្រី​សន្ធរ ខេត្តកំពង់ចាម​ ហេីយ​បាន​ផ្សព្វផ្សាយ​នៅលេីបណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ជូ​ន​សាធារណជន​បានជ្រាប​ ដែលមានខ្លឹមសារទាំងស្រុង​ដូចខាងក្រោមនេះ​៖ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​សូមជម្រាបដល់អ្នកសាព័ត៌មាន ពិសេសបណ្ដាញទំនាក់ទំនងសង្គម​ជ្រាប​ថា​ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលា​ម៉ោង៩និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញសារព័ត៌មានដែលបានចុះផ្សាយថា មានករណីបេីក​សង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសង(លេងអាប៉ោង) មួយ​កន្លែង​ដែលមាន​ម្ចាស់ឈ្មោះ​លោក​ ខ្លា​ នៅភូមិសាស្រ្តឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាន​ប្តូរទីតាំងចេញពីភូមិ​អង្គ​របាន​៩​ ឃុំ​អង្គ​របាន​ និងបានធ្វើសកម្មភាព​លេងល្បែងស៊ីសងអស់រយៈពេល​២ថ្ងៃ​ហើយ​ ។
ពាក់ព័ន្ធ​ករណី​ខាងលេីនេះ​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ​បាលខេត្តកំពង់ចាមបានចាត់ឲ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយពោធិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុក និងអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវ បង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់​ និងអាប៉ោង​ ភ្នាល់ដាក់ប្រាក់) នៅទីចំណុចតំបន់ទួល​គោក​ព្រំ​ ខាងលិច​ភូមិ​ប្រហែល​១០០០ម៉ែត្រ​ ស្ថិតក្នុងភូមិទា​ហ៊ា​ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។​ នៅពេលដែលកម្លាំងជំនាញចុះដល់ ពិនិត្យឃើញថា ពុំមានសកម្មភាព​លេងល្បែងស៊ីសងបញ្ជល់មាន់ ទ្រង់ទ្រាយជាសង្វៀនដូចការចុះផ្សាយរបស់សារព័ត៌មាននោះឡើយ ។
ផ្អែក​តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើ រួមជាមួយអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កន្លងមកគេសង្កេតឃើញមានសកម្មភាពមនុស្សមួយក្រុមលួចលាក់លេងល្បែងបញ្ជល់មាន់ជាលក្ខណៈកម្សាន្ត (មួយគូ ឬពីរគូប៉ុណ្ណោះ) ពុំមានលក្ខណៈជាអចិន្ត្រៃយ៍ និងជាសង្វៀននោះទេ ។ ផ្អែកតាមការពិនិត្យ នៅទីនោះក៏ពុំមានបន្សល់ទុកសម្ភារអ្វីជាភស្តុតាងជាក់លាក់នោះដែរ ។
ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាមសូម​បញ្ជាក់ថា​ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះបានចុះបង្ក្រាបជាបន្តបន្ទាប់ ភាគច្រើនជាករណីលួចលាក់បញ្ជល់មាន់ចល័តប៉ុណ្ណោះ ហើយអ្នកញៀនល្បែងទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចអនុវត្តវិធានការអប់រំ ណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ រហូតមកដល់បច្ចុប្បន្ននេះ ពុំមានសកម្មភាពលួចលេងល្បែងបញ្ជល់មាន់ទៀតនោះទេ រីឯទីតាំងនោះ គឺស្ថិតនៅក្រោមការតាមដាន ល្បាតត្រួតពិនិត្យរៀងរាល់ថ្ងៃពីសមត្ថកិច្ចមូលដ្ឋាន ។ ដោយឡែកចំពោះជនសង្ស័យ ដែលមានឈ្មោះលោក ខ្លា សមត្ថកិច្ចនឹងបន្តការស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងបន្តឃ្លាំមើលសកម្មភាពល្មើស ព្រមទាំងប្រមូលភស្តុតាង ដើម្បីអនុវត្តវិធានការជំនាញតាមនីតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន ដែលបានផ្តល់ជាតម្រុយ ដើម្បីជាមូលដ្ឋានពង្រឹងការអនុវត្តវិធានការជំនាញក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យបានទាន់ពេលវេលា។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើសុំកិច្ចសហការបន្តពីភ្នាក់ងារសារព័ត៌មាន សាធារណជន និងបណ្ដាញទំនាក់ទំនងសង្គម ក្នុងការផ្តល់ព័ត៌មាន ភស្តុតាងច្បាស់ការណ៍ ឬចង្អុលបង្ហាញមុខសញ្ញាសង្ស័យដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តវិធានការជំនាញ ឬវិធានការច្បាប់ឲ្យបានទាន់ពេលវេលា។ សូមទំនាក់ទំនងយើងតាមទូរស័ព្ទលេខ015 727 337​ ឬលេខ​069 988 833 យើងខ្ញុំនឹងរក្សាការសម្ងាត់ និងធានាសុវត្ថិភាពជូន។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពល្មើសចាស់ៗដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះមកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ជាពិសេសបង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖