ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រគល់ផ្លែមៀន (តាង៉ែន) ១០តោន ជូនរដ្ឋបាលខេត្តស្វាយរៀងតបតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជួយប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានប្រគល់ផ្លែមៀន (តាង៉ែន) ចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវក្តីនឹករលឹកនិងការគិតគូរអំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។  

លោកស្រី​ បានបន្តទៀតថា៖ ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេច​តេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ។  

លោកស្រី​ឧបនាយករដ្ឋមន្រ្តី ក៏បានបន្តទៀតថា បើទោះបីជាស្ថានភាពឆ្លងក្នុងមួយរយៈពេល ចុងក្រោយនេះបានធ្លាក់ចុះយ៉ាងណាក៏ដោយ លោកស្រី​ បានស្នើរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាម វិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ឲ្យមានប្រសិទ្ធិភាពខ្ពស់ 

សូមបញ្ជាក់ថា ប្រជាកសិករមួយចំនួន បានត្អូញត្អែរអំពីការពិបាក នៅក្នុងការលក់កសិផលរបស់ខ្លួន ជាពិសេស​ផ្លែមៀន និងតាង៉ែនតែម្ដង ដែលដល់ពេលប្រមូលផលហើយ មិនអាចលក់ចេញបាន ដោយសារតែប្រទេសថៃ បាន​បិទមិនឲ្យនាំចូល ខណៈប្រទេសនេះ កំពុងរងការរាតត្បាត នៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ។

គួរបញ្ជាក់ថា​ ផ្លែមៀន (តាង៉ែន) ចំនួន១០តោនក៏ត្រូវបានប្រគល់ជូនដល់ ក្រុង-ស្រុកទាំង៨ មន្ទីរពេទ្យខេត្តស្វាយរៀង កងកម្លាំងទាំងបីប្រភេទ និងមន្ទីរនានាជុំវិញ ខេត្តស្វាយរៀង ៕

ដោយ​៖សហការី​


ចែករំលែក៖