ខេត្តកំពង់ចាម៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី ២១ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជេីញចុះប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ ឌឿ ម៉េត អាយុ ៧៣ឆ្នាំ ដែលរស់នៅជាមួយកូនស្រី និងចៅប្រុសស្រី ២នាក់ ស្ថិតនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយលោកតាទាំងអស់ និងបានផ្តាំផ្ញេីសូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ច ហេីយជាពិសេសត្រូវអនុវត្ត ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដេីម្បីជៀសផុតពីជំងឺកូវីដ-១៩ ព្រមទាំងសូមជូនពរដល់លោកយាយម្ចាស់ផ្ទះ និងលោកយាយលោកតាទាំងអស់ បន្តរស់នៅដោយក្តីសុខដុមរមនាជាយូរអង្វែងតទៅ ក្រោមម្លប់នៃសុខសន្តិភាព។
សូមបញ្ជាក់ថា ផ្ទះ ១ខ្នងនេះ ចំណាយថវិកា ៨.៤៧២ដុល្លារ (ប្រាំបីពាន់បួនរយចិតសិបពីរដុល្លារអាមេរិក) សង់ពីឈេីខ្ពស់ផុតពីដី ២ម៉ែត្រ, មានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ, ដំបូលប្រក់ស័ង្កសី, ជញ្ជាំងស្មាតបត, រនាបឬស្សី, មានបង្អួចឈេី ៣, បន្ទប់ដេក១, ជណ្តេីរថ្ម, មានប្រព័ន្ធអគ្គិសនីប្រេីប្រាស់ថាមពលព្រះអាទិត្យ (Solar) អាចប្រេីទូរទស្សន៍១ កង្ហារ ១ និងអំពូល៥, មានផ្ទះបាយខាងក្រោយផ្ទះ និងមានបន្ទប់ទឹក១។
ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ 50kg, មី 2កេស, ត្រីខ 20កំប៉ុង, ទឹកត្រី 12ដប, ទឹកស៊ីអ៊ីវ 12ដប, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, អាវយឺត 16, សម្ភារផ្ទះបាយ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះចំនួន ២៧មុខ ព្រមទាំងថវិកា 500,000រៀល។
ដោយឡែក លោកយាយ លោកតា ចំនួន ២០នាក់ ដែលអញ្ជេីញចូលរួមជាសាក្សីក្នុងពីធីប្រគល់-ទទួលផ្ទះនេះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ 25kg, ទឹកត្រី 1យួរ, ទឹកស៊ីអ៊ីវ 1យួរ ត្រីខ 10កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាយឺត) 1កញ្ចប់, ម៉ាស់ ៥បន្ទះ និងថវិកា 60,000រៀល៕
ដោយ៖សហការី