ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ទៅឃ្វាលក្របីនៅវាលស្រែហើយបានដើរឆ្លងកាត់បឹងទៅដល់កន្លែងទឹកជ្រៅលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់បានលង់ទឹកបឹងស្លាប់បង្កការភ្ញាក់ផ្អើលដល់អាណាព្យាបាលនិងអ្នកភូមិខណៈដែលក្មេងប្រុសរងគ្រោះរូបនេះបានយកក្របីទៅឃ្វាលនៅឯវាលស្រែនាពេលព្រឹក ហើយបានដើរឆ្លងកាត់បឹងថ្នាឆ្ពោះទៅត្រើយម្ខាងទៀត លុះពេលដើរឆ្លងទៅចំកន្លែងទឹកជ្រៅបណ្ដាលឱ្យលង់ស្លាប់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។

យោងតាមមន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះញ៉ែម ឆេកូ អាយុ៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្ត៏រដ្ឋបាលនិងក្រុមគ្រូពេទ្យបានទៅពិនិត្យនិងធ្វើតេស្តដើម្បីរកមេរោគកូវីដ-១៩ ជាលទ្ធផលគឺ(អវិជ្ជមាន) ហើយសាកសពទាំងមូលមិនឃើញមានស្នាមដាច់រលាត់ឬពកអ្វីគួរឲ្យកត់សម្គាល់ទេ គឺពិតជាស្លាប់ដោយសារលង់ទឹកបឹងប្រាកដមែន។
ប្រភពបានឱ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង៩:៣៥នាទីព្រឹកមានសេចក្ដីរាយការណ៍ពីលោក គង់ សំអុល មេភូមិសង្គ្រោះបានប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរថា មានចៅប្រុសបង្កេីតរបស់គាត់ម្នាក់បានលង់ទឹកបឹងថ្នា ដោយចៅប្រុសនោះបានយកក្របីទៅឃ្វាលនៅឯវាល ហើយបានដើរឆ្លងកាត់បឹងថ្នាទៅត្រើយម្ខាងទៀត ហើយបានដើរឆ្លងចំកន្លែងទឹកជ្រៅទើបបណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដងទៅ។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម សុថាន


ចែករំលែក៖