ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីអ្នកលេងកាំបិតប៉័ងតោកាប់បុរសម្នាក់រងរបួសដៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បាន
បញ្ជូនស្រ្តីម្នាក់ទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ធី វណ្ណហុង ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុង- ខេត្តបាត់ដំបង ថាស្រ្តីរូបនេះបានកាប់ដៃគាត់របួសធ្ងន់ធ្ងរ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះកើតឡើង
នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី២៧ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពីទទួលបណ្តឹងភ្លាម កម្លាំងនគរបាលជំនាញនៃអធិការនគរបាលក្រុង បានចុះទៅធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង យកមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។ នៅពេលនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះប្រាកដមែន គឺនៅពេលដែលជនរងគ្រោះបានវាយមកលើខ្លួនមុនទើបខ្លួនទាញកាំបិតប៉័ងតោយកទៅកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសត្រង់ដៃ។ ជាមួយនេះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងជាមធ្យោបាយបង្កហេតុមាន កាំបិតប៉័ងតោដងដែក ចំនួន ០១។

នៅពេលនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានរៀបចំបញ្ជូនសំណុំរឿងនិងជនសង្ស័យមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖