ព័ត៌មានទាន់ហេតុការណ៍៖

រូបថតចំនួនប្រមាណ ៦២ម៉ឺនសន្លឹកត្រូវបានទាញយកពីគណនី iCloud ដើម្បីស្វែងរករូបភាពអាសអាភាស !

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud ជាច្រើនរបស់នារីៗដែលមានវ័យក្មេង ដើម្បីស្វែងរករូបភាព និងវីដេអូអាសអាភាសរបស់ពួកគេ។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា ,បើតាមការសារភាពរបស់បុរសរូបនេះបានបង្ហាញថា គាត់បានប្រើវិធីសាស្រ្ត បន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន Apple ហើយបានលួងលោមជនរងគ្រោះ (social engineering) ឱ្យផ្ដល់លេខសម្ងាត់ តាមរយៈអុីមែល “applebackupicloud” និង “backupagenticloud.”។ អាជ្ញាធរបានរកឃើញអុីមែលចំនួនប្រមាណ ៥០ម៉ឺន ដែលក្នុងនោះអុីមែលចំនួន ៤៧០០ មានផ្ទុកលេខសម្ងាត់សម្រាប់គណនី iCloud។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា, ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែងតែធ្វើការក្រើនរំឮកដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលណាមួយដែលទាមទារឱ្យផ្ដល់លេខសម្ងាត់។ ជាទូទៅលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។ ម្យ៉ាងវិញទៀតលោកអ្នកគួរតែបើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម៕

ដោយ៖ សិលា


ចែករំលែក៖