ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន​ ៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលទាំង៦០​ ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជិន ម៉ាលីន​ អនុប្រធាន និងជាអ្នកនាំពាក្យ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ បានបញ្ជាក់​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃពុធទី​២៥​ ខែសីហា​ ឆ្នាំ​២០២១នេះថា៖​ ៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលទាំង៦០ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា!

លោក​ ជិន​ ម៉ាលីន​ បានបញ្ជាក់បន្ថែមថា​ ការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០នេះ បានបង្ហាញពីចរិតនយោបាយនិងភាពគ្មានទំនួលខុសត្រូវរបស់ក្រុមអង្គការសង្គមស៊ីវីលមួយក្តាប់តូចនេះ ដោយហេតុថា៖

១. តាំងពីដំបូងមក ក្រុមសង្គមស៊ីវីលជាអ្នកស្នើសុំបង្កើតស្ថាប័ននេះនិងទទួលយកទៅរៀបចំដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៧មកម្លះ។ ដោយការងារនេះស្ថិតក្នុងដៃសង្គមស៊ីវីយូរឆ្នាំពេកនិងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាលសម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំនិងរៀបចំនៅក្នុងឆ្នាំ២០១៩។

២. ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃ រារាំង និងរិះគន់ពីប្រសិទ្ធភាពការងាររបស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឱ្យទូលាយ ចូលរួម សហការ និងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះសម្រេចបានជោគជ័យនិងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង។

៣. សេចក្តីព្រាងដំបូងនៃច្បាប់នេះ បានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ តាមរយៈការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យនិងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញ ពួកគេមិនខ្ចីមើលនិងពិនិត្យផ្តល់យោបល់មកវិញទេ បែជាធ្វើការរិះគន់និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ។

៤. ការបង្ហាញក្តីបារម្ភរបស់ពួកគេ ពីគោលការណ៍ទីក្រុងប៉ារីសនិងគោលការណ៍អន្តរជាតិមួយចំនួនទៀតពាក់ព័ន្ធនឹងឯករាជ្យភាព ការចូលរួម និងអណត្តិការងាររបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានមើលនិងអានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនេះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់នេះ។

៥. សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវីលមួយក្តាប់តូចនេះ គឺទាល់តែគណបក្សដែលពួកគេគាំទ្រនិងជាសម្ព័ន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ និងជាពេលសាកសមក្នុងការបង្កើតស្ថាប័ននេះ ដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈនិងសកម្មភាពនយោបាយរបស់ពួកគេ ដោយជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវីលនៅកម្ពុជា៕

ដោយ៖សហការី


ចែករំលែក៖