ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គោយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចំណុចលើផ្លូវលំ មុខសាលាបឋមសិក្សាល្ងឹម ស្ថិតក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានគោយន្ត០១គ្រឿង ម៉ាកKUBOTA ពណ៌ក្រហមមានសណ្តោងរទេះដឹកអុសការេ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកម៉ូតូ ម៉ាកHONDA Dream ផលិតឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-4339 (គ្មានមួក គ្មានកញ្ចក់) បើកបរដោយឈ្មោះ ម៉ម ស្រីលាភ អាយុ១៨ឆ្នាំ របួសបាក់ជើងខាងឆ្វេង(ធ្ងន់) អ្នករួមដំណើរជាមួយមានឈ្មោះ ម៉ម ស្រីល័ក្ខ អាយុ២៦ឆ្នាំ របួសបាក់ជើងខាងឆ្វេង(ធ្ងន់)និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសុវណ្ណ សួស្ដី ភេទស្រី អាយុ១៨ឆ្នាំ របួស(ស្រាល) ទាំង០៣នាក់ មានទីលំនៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នា។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកសំរោង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងនឹងធ្វើកំណត់ហេតុយកវត្ថុតាងទាំង០២ យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖