ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទម្នាក់ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត តាមដីកាបង្គាប់អោយនាំខ្លួន ! របស់ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា ។
តែក្រោយមកតាម មានដំណឹងខ្លះលេចឮមកថា ជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត កំពុងតែសុំ រកអន្តរាគមន៍ ពីអ្នកមាន អំណាចម្នាក់នៅស្ថាប័នតុលាការដើម្បីឲ្យបាននៅក្រៅឃុំ ខណៈជនរងគ្រោះ ទាំងអស់មិនទាន់ ទទួលបានយុត្តិធម៌ ពីក្នុងករណីនេះផង។
សូមបញ្ជាក់ថា, កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា,ជនត្រូវចោទខាងលើមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ការឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ ឱ ស៊ីថា ភេទប្រុស អាយុ ៣៦ឆ្នាំ មានអាស័យដ្ឋានផ្ទះលេខ៣៧ ផ្លូវ២០១០ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះរ៉េត ជីវ័ន្ត ភេទប្រុស អាយុ៣៩ឆ្នាំ អាស័យដ្ឋានភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ជនត្រូវចោទរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់អោយនាំខ្លួន របស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រម ស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្តដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងខែឧសភា និងខែមិថុនា ឆ្នាំ២០២០។
បើតាមប្រភពពីជនរងគ្រោះជាដើមបណ្ដឹងបានបង្ហើបប្រាប់ថាជនសង្ស័យឈ្មោះ គង់ ប៊ុនណាត កំពុងតែរត់ការដោះលែងឲ្យមានសេរីភាព ដោយអាងខ្នងបង្អែក អ្នកមានអំណាចម្នាក់ នៅពី ក្រោយជាពិសេសមានអ្នកធំចាំជួយអន្តរាគមន៍ទើបជននេះមិនគោរពច្បាប់ហើយបានដើរបោកប្រាស់លុយគេឯងបែបនេះ។
ជាមួយគ្នានោះមហាជនរង់ចាំមើលថាជនសង្ស័យខាងលើនេះត្រូវបានជាប់ឃុំ ឬមានសេរីភាព ឡើងវិញខណៈជនរងគ្រោះជាដើមបណ្ដឹងនៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយនោះ។
ទោះជាយ៉ាងណាក៏ដោយ ជនត្រូវចោទកំពុងស្ថិតនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធី ៕
ដោយ ៖ សិលា