ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទម្នាក់ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត តាមដីកាបង្គាប់អោយនាំខ្លួន !

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទម្នាក់ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ព័ន្ធករណីឆបោក  និងរំលោភលើទំនុកចិត្ត តាមដីកាបង្គាប់អោយនាំខ្លួន ! របស់ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា ។ 

តែក្រោយមកតាម មានដំណឹងខ្លះលេចឮមកថា ជនត្រូវចោទឈ្មោះ គង់ ប៊ុនណាត កំពុងតែសុំ រកអន្តរាគមន៍ ពីអ្នកមាន អំណាចម្នាក់នៅស្ថាប័នតុលាការដើម្បីឲ្យបាននៅក្រៅឃុំ ខណៈជនរងគ្រោះ ទាំងអស់មិនទាន់ ទទួលបានយុត្តិធម៌ ពីក្នុងករណីនេះផង។ 

សូមបញ្ជាក់ថា, កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ព័ន្ធករណីឆបោក  និងរំលោភលើទំនុកចិត្ត   

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា,ជនត្រូវចោទខាងលើមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ឃាត់ខ្លួនកាលពីថ្ងៃទី២៥  ខែសីហា  ឆ្នាំ ២០២១  ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក   

ការឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ ឱ  ស៊ីថា ភេទប្រុស  អាយុ ៣៦ឆ្នាំ មានអាស័យដ្ឋានផ្ទះលេខ៣៧ ផ្លូវ២០១០ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  និងឈ្មោះរ៉េត  ជីវ័ន្ត ភេទប្រុស  អាយុ៣៩ឆ្នាំ  អាស័យដ្ឋានភូមិខ្នាចរមាស ឃុំបឹងខ្នារ  ស្រុកបាកាន ខេត្តពោធិ៍សាត់   

ជនត្រូវចោទរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់អោយនាំខ្លួន របស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រម ស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្តដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងខែឧសភា និងខែមិថុនា ឆ្នាំ២០២០។

បើតាមប្រភពពីជនរងគ្រោះជាដើមបណ្ដឹងបានបង្ហើបប្រាប់ថាជនសង្ស័យឈ្មោះ គង់ ប៊ុនណាត  កំពុងតែរត់ការដោះលែងឲ្យមានសេរីភាព ដោយអាងខ្នងបង្អែក អ្នកមានអំណាចម្នាក់ នៅពី ក្រោយជាពិសេសមានអ្នកធំចាំជួយអន្តរាគមន៍ទើបជននេះមិនគោរពច្បាប់ហើយបានដើរបោកប្រាស់លុយគេឯងបែបនេះ។

ជាមួយគ្នានោះមហាជនរង់ចាំមើលថាជនសង្ស័យខាងលើនេះត្រូវបានជាប់ឃុំ  ឬមានសេរីភាព ឡើងវិញខណៈជនរងគ្រោះជាដើមបណ្ដឹងនៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយនោះ។ 

ទោះជាយ៉ាងណាក៏ដោយ ជនត្រូវចោទកំពុងស្ថិតនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖