រដ្ឋាភិបាលបារាំងនិងអាល្លឺម៉ង់ បានបញ្ចប់សកម្មភាពជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន ត្រឹមយប់ថ្ងៃទី២៧ខែសីហា ។ ចំណែកអអ់គ្លេសវិញនាយករដ្ឋមន្ត្រី ប៊ូរីស ចនស៊ិន បានបញ្ជាក់ថា ទាហានអង់គ្លេសនៅតែជម្លៀសពលរដ្ឋចេញពីប្រទេសអាហ្វហ្គានីស្ថាន បើទោះបី អាកាសយានដ្ឋានទីក្រុងកាប៊ុលរងការវាយប្រហារភេរវកម្ម។
នៅក្នុងសេចក្តីប្រកាស ដែលបានផ្សាយតាមវិទ្យុ RTL របស់បារាំង នៅថ្ងៃទី ២៦ខែសីហា នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បានបញ្ជាក់ថា កម្លាំងទាហានបារាំងបានបញ្ចប់សកម្មភាពជម្លៀសពលរដ្ឋចេញពីប្រទេសអាហ្វហ្គានីស្ថានត្រឹមយប់ថ្ងៃទី ២៧ខែសីហា ។ ជើងហោះហើរចុងក្រោយនៅយប់ថ្ងៃទី ២៧ខែសីហានេះគឺសម្រាប់ដឹកបុគ្គលិកនិងមន្ត្រីការទូតប្រទេសបារាំងចេញពីអាហ្វហ្គានីស្ថាន ក៏ដូចជាដឹកជញ្ជូនកម្លាំងទាហានដែលបារាំងបញ្ចូនទៅការពារមន្ត្រីការទូតកាលពីសប្តាហ៍កន្លងមក វិលត្រឡប់មកប្រទេសវិញ។
នាយករដ្ឋមន្ត្រីបារាំង Jean Castex បានបញ្ជាក់ថា បារាំងបានបើកយុទ្ធនាការ ជម្លៀសពលរដ្ឋចាប់តាំងពីថ្ងៃទី១៦ខែសីហា គឺក្រោយពេលមួយថ្ងៃដែលក្រុមតាលីបង់គ្រប់គ្រង អាហ្វហ្គានីស្ថាន ។ បារាំងបានជម្លៀសពលរដ្ឋប្រមាណជាង ២៥០០នាក់ រួមទាំងពលរដ្ឋបារាំង និងជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការឲ្យស្ថានទូត ឬកងទ័ពបារាំង។
ដូចជាប្រទេសបារាំង រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី២៦ ក៏បានប្រកាសបញ្ចប់យុទ្ធនាការ ជម្លៀសពលរដ្ឋចេញពីទីក្រុងកាប៊ុល ។ តាមការលើកឡើងរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer ជើងហោះហើរចុងក្រោយដឹកពលរដ្ឋចេញពីអាហ្វហ្គានីស្ថាននៅល្ងាចថ្ងៃទី២៦ខែសីហា គឺមុនការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងកាប៊ុលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
ក្រៅពីនេះប្រទេសផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុប ក៏បានបញ្ចប់យុទ្ធនាការជម្លៀសពលរដ្ឋរបស់ខ្លួនផងដែរ លើកលែងតែប្រទេសអង់គ្លេស ត្រូវបន្តជម្លៀសពលរដ្ឋរហូតដល់ថ្ងៃទី៣១ខែសីហា ៕
ដោយ៖ធីរីណា(រូបថត៖Guardian)