ក្រុមតាលីបង់បានអំពាវនាវដល់អាមេរិកឱ្យបន្តវត្តមាននៅក្នុងរដ្ឋធានីកាប៊ុលជាជាងដកទាហានទាំងអស់ចេញនៅថ្ងៃទី៣១ ខែសីហា។ ប៉ុន្តែមកទល់ពេលនេះទីក្រុងវ៉ាស៊ីនតោន មិនទាន់ផ្តល់ចម្លើយនៅឡើយទេ។
សារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមរិកដែលបានបញ្ជាក់ថា ក្រុមតាលីបង់ស្រាប់តែស្នើសុំបណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកជាដើមឱ្យបន្តសកម្មភាពស្ថានទូតនៅក្នុងទីក្រុងកាប៊ុលដដែល ក៏ដូចជារក្សាកម្លាំងទាហានការពារទីតាំងទាំងនោះ ក្រោយពេលអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
នៅពេលនេះដែរអាមេរិកមិនទាន់ឆ្លើយតបទៅនឹងសំណើខាងលើរបស់ក្រុមតាលីបង់នៅឡើយទេ ។ បច្ចុប្បន្នអាមេរិកបានសម្រេចដកទាហានចេញពីអាហ្វហ្គានីស្ថានតាមការកំណត់នៅថ្ងៃទី៣១ខែសីហា ។ ប្រសិនបើទាហានអាមេរិកដកចេញអស់នឹងមិនមានកម្លាំងការពារបុគ្គលិកមន្ត្រីការទូតនោះឡើយ។
ក្រោយក្រុមតាលីបង់គ្រប់គ្រងរដ្ឋធានីកាប៊ុលនៅថ្ងៃទី១៥ខែសីហា អាមេរិកបានបង្កើនសកម្មភាពជម្លៀសពលរដ្ឋនិងមន្ត្រីការទូតចេញពីប្រទេសអាហ្វហ្គានីស្ថាន ។ ប្រទេសជាច្រើនផ្សេងទៀតក៏បានជម្លៀសពលរដ្ឋនិងមន្ត្រីរបស់ខ្លួនផងដែរ ។
ការដែលក្រុមតាលីបង់ស្នើកម្លាំងទាហានអាមេរិកបន្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះ គឺក្រោយពេល ក្រុមភេរវកម្ម IS បើកការវាយប្រហារនៅអាកាសយានដ្ឋានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់រយនាក់ ភាគច្រើនជាទាហានអាមេរិកនិងក្រុមឧទ្ទាមតាលីបង់ ៕ដោយ៖ ធីរីណា
រូបភាព៖ AP