ភ្នំពេញ៖ ក្រុមការងារភាពស៊ាំនឹងឱសថប្រឆាំងមេរោគក្រសួងបរិស្ថាន ដឹកនាំដោយលោក សាបូ អូហ្សាណូ និង លោក ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាសហប្រធាន និងមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងារភាពស៊ាំនឹងឱសថប្រឆាំងមេរោគក្រសួបរិស្ថានAMR ដើម្បីពិនិត្យភាក្សាលើសេចក្តីព្រាងសម្រេចអន្តរក្រសួងស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងសម្រាប់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ Inter-ministerial Coordination Committee on Antimicrobial Resistance (IMCC-AMR) និងពិនិត្យវឌ្ឍនភាពការងារAMR ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពពហុវិស័យស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា ២០១៩-២០២១។
ក្នុងកិច្ចពិភាក្សានេះ បានធ្វេីឡេីងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ តាមប្រព័ន្ធអនឡាញ(Zoom meeting) ដោយផ្តោតលើខ្លឹមសាររួមមានដូចខាងក្រោម៖
-១) បានស្វែងយល់អំពីព័ត៌មាននិងបញ្ហាប្រឈមក្នុងការអនុវត្តការងារ AMR នៃក្រុមការងារបច្ចេកទេសភាពស៊ាំនៃឱសថប្រឆាំងមេរោគនៅកម្ពុជា ក្នុងវិស័យបរិស្ថាន។
-២)បានពិនិត្យពិភាក្សាលើសេចក្តីព្រាងសម្រេចអន្តរក្រសួងស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងសម្រាប់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ Inter-ministerial Coordination Committee on Antimicrobial Resistance (IMCC-AMR) ដែលរៀបចំដោយអន្តរក្រសួង ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន មុននឹងដាក់ជូនលោករដ្ឋមន្រ្តីនៃក្រសួងទាំងបីចុះហត្ថលេខា។ អង្គប្រជុំបានផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងសម្រេចអន្តរក្រសួងនេះ ដោយពិនិត្យលើសមាសភាពប្រធានផ្លាស់វេន អនុប្រធាន និងលេខា ដើម្បីឱ្យស្របទៅតាមសេចក្តីសម្រចរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងបី ដើម្បីធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងពេលអនុវត្តការងារ។
-៣) អង្គប្រជុំបានស្នើដល់នាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងបរិស្ថាន ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសAMR ក្នុងការអនុវត្តផែនការសកម្មភាពពហុវិស័យស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា ២០១៩-២០២៣ ដើម្បីឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
ដោយ៖សហការី