ព័ត៌មានទាន់ហេតុការណ៍៖

ចិនជម្លៀសពលរដ្ឋមួយស្រុកនៅព្រំដែនជាប់មីយ៉ាន់ម៉ាដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលចិនបានសម្រេចជម្លៀសពលរដ្ឋរាប់សិបពាន់នាក់ដែលរស់នៅតំបន់ព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ពីប្រទេសមីយ៉ាន់ម៉ាចូលក្នុងប្រទេសចិន។

សារព័ត៌មាន SCMP បានផ្សាយថា សកម្មភាពជម្លៀសពលរដ្ឋគឺក្នុងគោលដៅបង្កើតរបងគ្មានមនុស្ស ដើម្បីទប់ស្កាត់ការឆ្លងបានយ៉ាងល្អបំផុត។ ទីតាំងព្រំដែននោះត្រូវបាន
បង្កើតរបងបន្លាលួស និងកាមេរ៉ាសុវត្ថិភាពតាមដានសកម្មភាព ។

តាមសារព័ត៌មាន SCMP នៅក្នុងស្រុក Jiegao ខេត្តយូណាន មានពលរដ្ឋរស់នៅប្រមាណ៥ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីក្រុង Mangshi មានចម្ងាយពីព្រំដែន១០០គីឡូម៉ែត្រ។

ប្រភពព័ត៌មានបានឱ្យដឹងថា ពលរដ្ឋដែលជម្លៀសចេញនោះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ យុទ្ធនាការជម្លៀសពលរដ្ឋបានរួចរាល់អស់ហើយ ដោយនេះជាវិធានការចុងក្រោយបង្អស់ដើម្បីទប់ស្កាត់ការឆ្លងដោយសារតែស្រុក Jiegao បានបិទខ្ទប់រយៈពេល ៣ខែកន្លងមកហើយ ប៉ុន្តែនៅតែមានករណីឆ្លងកូវីដ-១៩ ខ្ពស់ដដែល។ កម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅការពារទ្រព្យសម្បត្តិរបស់ពលរដ្ឋ ក្រោយការជម្លៀសពលរដ្ឋចេញពីលំនៅឋានរបស់ពួកគាត់។

មន្ត្រីក្នុងតំបន់បានឱ្យដឹងថា នេះជាការសម្រេចដ៏លំបាកបំផុត ប៉ុន្តែដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ចនៅក្នុងតំបន់នោះឡើងវិញ។
សូមបញ្ជាក់ផងដែរថា ស្រុក Jiegao បានបិទខ្ទប់រយៈពេល ១៥០ថ្ងៃកន្លងមកហើយ ប៉ុន្តែនៅតែរកឃើញករណីវិជ្ជមានកូវីដ-១៩៕

 

ដោយ៖ធីរីណា(រូបថត៖Reuters)


ចែករំលែក៖