ព័ត៌មានទាន់ហេតុការណ៍៖

សូមកុំធ្វេសប្រហែសឱ្យសោះ! បុគ្គលិកក្រុមហ៊ុនអគ្គិសនី២នាក់ត្រូវចរន្តខ្សែភ្លើងឆក់ជាប់លើបង្គោលភ្លើងសន្លប់ឈឹង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុគ្គលិកក្រុមហ៊ុនសាងសង់បណ្ដាញអគ្គិសនី២នាក់ត្រូវបានចរន្តអគ្គិសនីឆក់បណ្តាលឱ្យសន្លប់ឈឹងជាប់នៅលើបង្គោលភ្លើង ខណៈដែលកំពុងបំពេញការងារ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី២៨ ខែសីហា  ឆ្នាំ២០២១ នៅចំណុចផ្លូវវាលស្រែ១០០ ស្ថិតក្នុងភូមិស្លាកែត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ គេឃើញបុគ្គលិកក្រុមហ៊ុនសាងសង់បណ្ដាញអគ្គិសនី ដែលម្នាក់ត្រូវបានគេស្គាល់ថា ឈ្មោះ ឆេន ឈូ ហៅ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ខុត ខើយ ភេទប្រុស អាយុ២៥ឆ្នាំ បានឡើងតបណ្ដាញខ្សែភ្លើងនៅលើបង្គោលដែលទើបនិងដំឡើងថ្មី ហើយនៅពេលកើតហេតុជនរងគ្រោះបាននិយាយអាយកូមទៅកាន់ភាគីម្ខាងទៀតឱ្យភ្ជាប់ភ្លើងដើម្បីតេស្តមើល ហើយភ្លាមនោះទំនងភាគីខាងជនរងគ្រោះមិនទាន់បានដកខ្លួនឱ្យឃ្លាតចេញពីបណ្តាញខ្សែភ្លើងធំផង ក៏ស្រាប់តែភ្លើងបុកមកបណ្តាលឱ្យឆក់សន្លប់ស្តូកស្តឹង ភ្លាមនោះបុគ្គលិកម្នាក់ទៀតបានស្ទុះទៅជួយក៏ត្រូវឆក់ជាប់ទៅនឹងបង្គោលភ្លើងទាំងពីរនាក់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមការងារបស់ក្រុមហ៊ុនសាងសង់សហការគ្នាដោយនាំយករថយន្តស្ទូចមកឡើងរំដោះយកមកខាងក្រោម ដោយឃើញនៅមានជីវិត ក្រុមការងារក៏បានដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖