ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបោះចោលវ៉ាក់សាំង ១៥លានដូស ខណៈប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំងចាក់ជូនពលរដ្ឋ

ចែករំលែក៖

តួលេខថ្មីបំផុតបានបង្ហាញឲ្យឃើញថា ការចាក់វ៉ាក់សាំងនៅអាមេរិក នៅត្រឹង ដោយសារតែពលរដ្ឋមួយចំនួនធំបានចាក់វ៉ាក់សាំងរួចរាល់ ។ ក្នុងពេលនេះ អាមេរិកបានបោះបង់ចោលវ៉ាក់សាំងរហូតដល់ទៅ១៥លានដូស ដែលជាចំនួនយ៉ាងច្រើន ខណៈប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំង ចាក់ជូនពលរដ្ឋផង។
តាមតួលេខរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា ទីតាំងចាក់វ៉ាក់សាំងនានានៅអាមេរិក មិនសូវមានពលរដ្ឋទៅចាក់ឡើយ ទាំងនោះហើយបានធ្វើឲ្យវ៉ាក់សាំងជាច្រើនផុតកំណត់ ។ សរុបមានវ៉ាក់សាំងដល់ទៅ ១៥,១លានដូសបានបោះចោលនៅថ្ងៃទី ១ខែកញ្ញា។ រដ្ឋដែលបោះបង់វ៉ាក់សាំងចោលច្រើនជាងគេ គឺរដ្ឋ Texas, North Carolina, Pennsylvania និង Oklahoma ។
សារព័ត៌មាន Straitstimes បានផ្សាយថា មូលហេតុដែលបោះបង់ចោលវ៉ាក់សាំងច្រើនបែបនេះគឺដោយសារតែបញ្ហាមួយចំនួន ដូចជាការរក្សាក្នុងទូត្រជាក់ ឬ ក៏បើកហើយចាក់ជូនពលរដ្ឋមិនទាន់អស់ ក្នុងរយៈពេលប៉ុន្មានម៉ោង និងត្រូវខូច។

តាមការលើកឡើងរបស់ CDC តួលេខនៃការបោះចោលវ៉ាក់សាំងនៅមានតិចនៅឡើយបើប្រៀបធៀចំនួនវ៉ាក់សាំងដែលបានប្រើប្រាស់។
មកដល់ថ្ងៃនេះអាមេរិកបានចាក់វ៉ាក់សាំងជូនពលរដ្ឋសរុប ៣៦០លានដូស ក្នុងចំណោមវ៉ាក់សាំង ៤០០លានដូសបានចែកចាយចាក់ជូនពលរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ អាមេរិកក៏បានចែកចាយវ៉ាក់សាំងចំនួន ១០០លានដូសទៅកាន់ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក តាមកម្មវិធី COVAX របសអង្គការសុខភាពពិភពលោក។ មានពលរដ្ឋអាមេរិក ៧២% មានអាយុចាប់ពី ១២ឆ្នាំឡើងបានចាក់វ៉ាក់សាំងមួយដូស និង ៦១,៥% បានចាក់វ៉ាក់សាំងគ្រាប់ចំនួនពីរដូស។ ជាមួយគ្នានេះដែរអាមេរិកមានគម្រោងចាក់វ៉ាក់សាំងដូសបំពេញបន្ថែម គឺដូសទីបីនៅថ្ងៃទី២០ខែកញ្ញា ៕ដោយ៖ធីរីណា

រូបថត៖EPA-EFE


ចែករំលែក៖