យ៉ាងហោចណាស់ក៏មានសាលារៀនដល់ទៅ ១០០០កន្លែងដែរនៅក្នុងរដ្ឋចំនួន៣៥របស់អាមេរិកបានបិទទ្វារជាថ្មី ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។
សារព័ត៌មាន USA today នៅថ្ងៃទី ៥ខែកញ្ញា(ពេលវេលាអាមេរិក) បានដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុន Burbio មានឯកទេសតាមដានសកម្មភាពបើកសាសារៀនឡើងវិញនៅអាមរិកបានឱ្យដឹងថា សាសារៀនមួយចំនួនបានបើកការសិក្សាពីចម្ងាយ ហើយសាលារៀនមួយចំនួនទៀតមិនទាន់មានគម្រោងបើកទ្វារនៅឡើយទេ ។ ចំណែកសាលារៀនដែលមានសិស្សទៅរៀនផ្ទាល់បានសម្រេចបិទទ្វារជាថ្មីក្រោយពីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ។
បណ្តាសាលារៀននៅអាមេរិកចាប់ផ្តើមបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅពាក់កណ្តាលខែសីហា ។ តាមការលើកឡើងរបស់នាយកដ្ឋានទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លង CDC អាមេរិក បានឱ្យដឹងថា សិស្សទាំងអស់ចាំបាច់ត្រូវតែពាក់ម៉ាស់ពេលទៅសាលា ទាំងសិស្សមតេ្តយ្យរហូតដល់ថ្នាក់ទី១២ បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ អាមេរិកមានករណីវិជ្ជមានកូវីដ-១៩ ដល់ទៅ៣៥,៥៨៦នាក់ ខណៈអ្នកជំងឺ ៣៦៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា។ សរុបនៅទូទាំងសហរដ្ឋអាមេរិកករណីកូវីដ-១៩បានកើនឡើងដល់ ៤០,៨០៥,២៥៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៦៦,២១៩នាក់ និងជាសះស្បើយសរុប ៣១.៣១លាននាក់។
រដ្ឋបាលឱសថ និងចំណីអាហារ (FDA) អាមេរិកត្រូវបាននិងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer ដូសជំរុញ ឬដូសទី៣យ៉ាងទូលំទូលាយជាងមុន នៅពាក់កណ្តាលខែកញ្ញានេះ។គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៧៤លានដូស ក្នុងនោះប្រជាជន ២០៦.៩១លាននាក់ (៦៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ១៧៥.៩៧លាននាក់ (៥៣.៦%) បានទទួលការចាក់គ្រប់ដូស៕
ដោយ៖ធីរីណា(រូបភាព៖ ហ្គេតធី+TTXVN )