ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលអ្នកលក់ខ្យងទាំងព្រឹកប្រទះឃើញ​សព​ស្ត្រី​អនាថាម្នា​ក់នៅ​មាត់ទន្លេ​វ៉ៃ​គោ​

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ក៏ដូចជាអ្នកលក់​ខ្យង​បានរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីពួកគេប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​មាត់ច្រាំង​ព្រែក​ទន្លេ​វ៉ៃ​គោ ដែលគេសង្ស័យ ថាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍ប្រទះឃើញសពនេះគឺកាល​ពី​វេលា​ម៉ោងប្រមាណ​៦​​ព្រឹក​ ថ្ងៃទី​០៦​ខែកញ្ញា​ឆ្នាំ២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ខាងកើត​ស្ពាន​ហាយវ៉េ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង​។​

លោក ​កែន រិទ្ធី អធិការនគ​បាល​ក្រុង​ស្វាយរៀង​បានឱ្យដឹងថា នេះជាករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលកើតឡើងនៅវេលា​ម៉ោងប្រមាណ២ទៅ៣រំលងអធ្រាត្រឈានចូលថ្ងៃទី​៦​ខែកញ្ញាឆ្នាំ២០២១ ហើយទំនង​ជាជនរងគ្រោះ​ដើរ​នៅលើ​ផ្លូវ​រថយន្តពេលមេឃង​ងឹ​តមាន​ភ្លៀង​ធ្លាក់​ផង និងខណ:​ដែលជនរងគ្រោះ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ ​ហើយល្បឿន​រថយន្ត​បើកបរ​លឿន​ផង ក៏​បុក​ស្ត្រី​រងគ្រោះ​ពីក្រោយ​ប៉ើង​ប្រមាណ​២០​ម៉ែត្រ​ធ្លាក់​ចូលទៅ​ច្រាំង​ព្រែក​ទន្លេ​វ៉ៃ​គោ របួស​បែកក្បាល​ស្លាប់​តែម្តង​។​

ចំណែក​រថយន្ត​បង្ក​បើកបរ​ពីទិស​ខាងលិច​ឆ្ឆ្ពោះទៅទិស​ខាងកើត ក្រោយពី​បុក​ស្ត្រី​រងគ្រោះ​ហើយ ក៏បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល​បន្សល់​ទុក​នូវចង្កៀង​រថយន្ត​ខាងស្តាំ និង​កម្ទេចកម្ទីកញ្ចក់​ចង្កៀង​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ ជាមួយនិឹង​សាកសព​ស្ត្រី​រងគ្រោះ​។​

សមត្ថកិច្ច​ក៏បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋដែលមាន​បាត់​សមាជិកគ្រួសារដែលជា​ស្ត្រី​អនាថាមាន​អាយុប្រមាណ​ជា​៤០​ឆ្នាំនេះ សូម​មក​ទាក់ទង​សមត្ថកិច្ច​នគ​របាល​ប៉ុ​ស្តិ៍រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ ព្រោះពេលនេះសព​តម្កល់​នៅ​វត្ត​ពោធិ​តា​ហោ៕

ដោយ៖យឹម សុថាន


ចែករំលែក៖