ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតាលីបង់ប្រកាសបញ្ចប់សង្គ្រាមក្រោយគ្រប់គ្រងបានខេត្ត Panjshir ទាំងស្រុង

ចែករំលែក៖

ក្រុមតាលីបង់បានប្រកាសថា ខ្លួនទទួលបានជោគជ័យនៅក្នុងការគ្រប់គ្រងខេត្ត Panjshir ដែលជាទីតាំងចុងក្រោយបង្អស់របស់ក្រុមប្រឆាំងតាលីបង់គ្រប់គ្រង រយៈពេលកន្លងមក។

សារព័ត៌មាន Al Jazeera បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមតាលីបង់ដែលបានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញាថា ក្រុមតាលីបង់បានគ្រប់គ្រងទាំងស្រុងខេត្ត Panjshir ស្ថិតនៅតំបន់ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន។ ជាមួយនឹងជោគជ័យខាងលើក្រុមតាលីបង់បានប្រកាសថានឹងបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោក Mujahid បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាហ្វហ្គានីស្ថានអាចនឹងប្រកាសរដ្ឋាភិបាលថ្មីក្នុងទម្រង់ជារដ្ឋាភិបាលបណ្តោះអាសន្ន ឬបើពុំដូច្នោះទេ អាចអនុញ្ញាតឲ្យមានការកែសម្រួល ឬកែទម្រង់បន្ថែម។ លោក Mujahid បាន បញ្ជាក់ថា ព័ត៌មានលម្អិត និងកាលបរិច្ឆេទជាក់លាក់នៃការបង្កើតរដ្ឋាភិបាលថ្មីនេះ គឺនឹងត្រូវប្រកាសនាពេលឆាប់ៗ ប្រហែលប៉ុន្មានថ្ងៃទៀត ដោយសារនៅមានបញ្ហាបច្ចេកទេសមួយចំនួន។
ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Mullah Abdul Ghani Baradar ដែលជាប្រមុខផ្នែកនយោបាយ និងជាសហស្ថាបនិករបស់ក្រុមតាលីបង់ផងដែរ អាចនឹងក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី។ ដោយឡែក ពាក់ព័ន្ធនឹងការអះអាងរបស់តាលីបង់ ជុំវិញខេត្ត Panjshir វិញ ក្រុមចលនាតស៊ូនៅទីនោះនៅតែបដិសេធថា «វាមិនមែនជាការណ៍ពិត»៕

ដោយ៖ធីរីណា(រូបថត៖ AlJazeera)

 

 


ចែករំលែក៖