ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញទុកពេល១៥ថ្ងៃ ឱ្យពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ នៅវិថីព្រះអង្គយុគន្ធរ វិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើខ្សែកាប្លិ៍អាកាសចេញ

ចែករំលែក៖

 ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមវិថីព្រះអង្គយុគន្ធរ វិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញយើងឱ្យកាន់តែល្អស្រស់បំព្រង ស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង ស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវ ចំនួន២ រួមមាន៖ ១-វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ចាប់ពីផ្លូវលេខ១០៨ដល់ផ្លូវលេខ៩៨ ។ ២-វិថីឧកញ៉ាសន្ធរម៉ុក(ផ្លូវលេខ៩៨)ចាប់ពីផ្លូវលេខ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមផ្លូវទាំង០២ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នក ពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ 

ដោយ ៖ សំរិត


ចែករំលែក៖