ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រា ពាក់កណ្តាលយប់

ចែករំលែក៖

នៅថ្ងៃទី៩ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងបានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំនៅពាក់កណ្តាលយប់ អបអរសាទរទិវាឯករាជ្យជាតិ។

សារព័ត៌មានយ៉ុងហាប់ និង Japan timesបានផ្សាយថា ពិធីដង្ហែក្បួនព្យុហយាត្រាយោធា បានធ្វើឡើងនៅទីក្រុងព្យុងយ៉ាងនាថ្ងៃទី៩ ខែកញ្ញា ដោយព្រឹត្តិការណ៍នេះធ្វើឡើងនៅពាក់កណ្តាលយប់ ។ សារព័ត៌មាន NK News នៅយប់ថ្ងៃទី៨ ខែកញ្ញា បានផ្សាយថា ពលរដ្ឋកូរ៉េខាងជើងបានជួបជុំគ្នានៅទីលានគីម អុីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាងត្រៀមលក្ខណៈសម្រាប់ពិធីដង្ហែក្បួន។ ផ្លូវថ្នល់សំខាន់ៗនៅក្នុងទីក្រុងត្រូវបានបិទ។ តាមការសន្និដ្ឋានកូរ៉េខាងជើងដង្ហែក្បួននៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុនបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ប៉ុន្តែមិនមានការថ្លែងសុន្ទរកថានៅក្នុងពិធីនោះឡើយ។ សារព័ត៌មាន KCNA មិនបានបង្ហាញពីអាវុធយុទ្ធភណ្ឌនៅក្នុងពិធីនោះឡើយ។
កាលពីសប្តាហ៍កន្លងមក NK News និង 38 north មានឯកទេសតាមដានសកម្មភាពនៅកូរ៉េខាងជើងបានបង្ហោះរូបភាពថតតាមផ្កាយរណបបង្ហាញឱ្យឃើញថា កូរ៉េខាងជើងពិតជាបានត្រៀមលក្ខណៈធ្វើសមយុទ្ធប្រាកដមែន។ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា មេដឹកនាំគីម ជុងអ៊ុន បានបង្ហាញអាវុធទំនើបៗ ក្នុងនោះមានមីស៊ីលឆ្លងទ្វីបជាដើម៕ដោយ៖ ធីរីណា


ចែករំលែក៖