ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានអាហ្វហ្គានីស្ថានទទួលបានការហ្វឹកហាត់ពីណាតូ ចូលរួមជាមួយក្រុមតាលីបង់

ចែករំលែក៖

សារព័ត៌មានThe times បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានអង់គ្លេសដែលបានឱ្យដឹងថា ទាហានអាហ្វហ្គានីស្ថានដែលទទួលបានការហ្វឹកហាត់ពីក្រុមជំនាញ របស់អង់គ្លេសនិងអាមេរិកនោះពេលនេះបានចូលជាមួយក្រុមតាលីបង់ហើយ ។ ប៉ុន្តែក្រសួងការបរទេសអង់គ្លេសបានបញ្ជាក់ថា មិនមានភស្តុតាងណាមួយបញ្ជាក់ថាកម្លាំងទាហានអាហ្វហ្គានីស្ថានទទួលបានការហ្វឹកហាត់ពីទាហានណាតូបានចូលជាមួយទាហានក្រុមតាលីបង់នោះឡើយ។
ជាមួយគ្នានេះដែរ កម្លាំងទាហានអង់គ្លេសបានវិភាគទៅលើរូបភាពរបស់ក្រុមតាលីបង់នាពេលថ្មីៗនេះបង្ហាញឱ្យឃើញថា កម្លាំងទាហានក្រុមតាលីបង់ដែលបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារនៅខេត្ត Panjshir គឺបានប្រើប្រាស់បច្ចេកទេសដែលក្រុមឯកទេសណាតូបានហ្វឹកហាត់ដល់ទាហានអាហ្វហ្គានីស្ថាន។
ចំណុចដែលអាចមើលដឹងនោះគឺទាហានតាលីបង់ដែលបានកាន់អាវុធដូចទៅនឹងអ្វីដែលអង់គ្លេស និងអាមេរិកបានបង្វឹកហាត់ដល់ទាហានអាហ្វហ្គានីស្ថាន ទាំងបច្ចេកទេសកាន់កាំភ្លើងនិងប្រើប្រាស់កាំភ្លើង។
មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ណាមួយថា កម្លាំងទាហានអាហ្វហ្គានីស្ថានបានចូលរួមជាមួយក្រុមទាហានតាលីបង់នោះឡើយ ។ ប៉ុន្តែក្រុមអ្នកឯកទេសបានព្យាករថា អតីតកម្លាំងទាហានអាហ្វហ្គានីស្ថានគឺមិនមានជម្រើសអ្វីក្រៅពីចូលរួមជាមួយក្រុមតាលីបង់នោះឡើយក្រោយអាមេរិកដកខ្លួនចេញពី ប្រទេសអាហ្វហ្គានីស្ថាន។
ជាមួយគ្នានេះដែរ សារព័ត៌មាន Sputnik នៅថ្ងៃទី៩ខែកញ្ញាបានផ្សាយថា តាមប្រភពព័ត៌មានពីក្រុមតាលីបង់ ពិធីចូលកាន់តំណែងរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ខែកញ្ញា គឺចំថ្ងៃដែលក្រុមភេរវកម្មអាល់កៃដាប្លន់យន្តហោះអាមេរិកបើកបុកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកWTC នៅបុរីញូវយ៉ក។ ពិធិីចូលកាន់តំណែងនោះនឹងមានតំណាងមកពីប្រទេសរុស្ស៊ី ចិន កាតារ តួកគី ប៉ាគីស្ថាន និងអុីរ៉ង់ ចូលរួមផងដែរ៕(ដោយ៖ធីរីណា)

រូបថត៖Reuters

រូបថត៖ AFP/VNA

 

 


ចែករំលែក៖