ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ស៊ីណាត លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រា នៅ មណ្ឌលកុមារកំព្រាក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោស្រី ហ៊ុន ស៊ីណាត លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ក្មួយៗកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង នាថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១។

 តាមរបាយការណ៍របស់អ្នកគ្រប់គ្រងមណ្ឌលបានឲ្យដឹងថាបច្ចុប្បន្នមណ្ឌលមានមន្ត្រី ៧ នាក់ កុមារដែលកំពុងរស់នៅក្នុងមណ្ឌលមានចំនួន ៣៧ នាក់  ស្រី ១៩ នាក់ ហើយក្មួយៗសុទ្ធតែបានរៀនសូត្រនៅសាលាចំណេះដឹងទូទៅគ្រប់ៗគ្នាដែលក្នុងនោះនៅបឋមសិក្សា មានចំនួន ២១ នាក់ អនុវិទ្យាល័យ ៧ នាក់ វិទ្យាល័យ ៦ នាក់ រៀនជំនាញ ៣ នាក់ មានជំងឺ ២ នាក់ ។ 

ក្នុងឱកាសនោះលោកស្រី ហ៊ុន ស៊ីណាត បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន ជូនដល់លោកស្រីប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ បុគ្គលិកមជ្ឈមណ្ឌល និងកុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅក្នុងមជ្ឈមណ្ឌល ។

 លោកស្រីបានលើកឡើងថា៖ យើងទទួលបានសុខសន្តិភាពដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដល់កុមារ ដោយផ្តល់នូវសិទ្ធិរស់រៀនមានជីវិត សិទ្ធទទួលបានការការពារ សិទ្ធទទួលបានការអភិវឌ្ឍន៍ និងសិទ្ធក្នុងការចូលរួម ។

 លោកស្រីបានបន្ថែមទៀតថា ប្អូនៗក្មួយកំព្រាឪពុកម្តាយបង្កើតពិតមែន តែក្មួយៗនៅមានថ្នាក់ខេត្ត និងមន្ទីរ ជាពិសេសគឺ ម៉ែដោះដែលស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅ និងជួយបីបាច់ថែរក្សាក្មួយៗ ឲ្យបានចូលសិក្សារៀនសូត្រ ដូច្នេះក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ កុមារជាទំពាំងស្នងឬស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពី គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា ព្រោះវាសនាអនាគត់របស់យើង គឺត្រូវពឹងលើខ្លួនឯង ។ 

ទន្ទឹមនឹងនោះលោកស្រី ហ៊ុន ស៊ីណាត បានលើកឡើងពីការរីកចម្រើន និងអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជាក្នុងរយៈកាលជាង ២១ ឆ្នាំកន្លងមក ក្រោមដំបូលនៃសុខសន្តិភាព ដែលមានសម្តេចតេជោជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយ ហើយឆ្នាំនេះទោះបីពិភពលោកប្រឈមនឹងជំងឺកូវីដ-១៩ ហើយកម្ពុជាក៏រងនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចដែរនោះ តែកម្ពុជានៅតែអាចធានាបាននូវសន្តិសុខស្បៀង និងការនាំចេញ ជាពិសេសកសិផលគួរឱ្យកត់សម្គាល់ផងដែរ ។

 សូមជម្រាបថា មជ្ឈមណ្ឌលកុមារកំព្រាខាងលើនេះ បានទទួលអំណោយរួមមាន៖  អង្ករ ១ តោន មី ៣០ ម៉ាស់ ២ កេស វីតាមីនសេ ១ កេស ថវិកាសម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌល ១ លានរៀល ឧបត្ថម្ភដល់កុមារ ៣៧ នាក់ ក្នុងម្នាក់ថវិកា ២ ម៉ឺនរៀល អ្នកថែទាំកុមារ ១០ នាក់ ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល ៕

ដោយ៖យឹម សុថាន


ចែករំលែក៖