ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា ពិសី បន្តចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា មន្ត្រី និងកងកម្លាំង នៃរដ្ឋបាលសង្កាត់ផ្សារដើមគ

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានក្រើនរំលឹកដល់ ក្រុមប្រឹក្សាសង្កាត់ មន្ត្រី និងកម្លាំងនៃរដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវ ស្មារតីសាមគ្គីភាពផ្ទៃក្នុង រួមគ្នាបម្រើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពបំផុត គ្មានថ្ងៃងាករេរ ជាពិសេស ត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ និងចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ សំដៅទាក់ទាញ និងទទួលយកនូវការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ ដោយប្ដេជ្ញាចិត្តដណ្ដើមយកជ័យជំនះ ជូន គណបក្ស និង រាជរដ្ឋាភិបាល អោយបាន ១០០% ជាដាច់ខាត លោកអភិបាលខណ្ឌ បានមានប្រសាសន៍យ៉ាងដូចច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយ លោក លោកស្រី ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀន មន្ត្រី នគរបាលប៉ុស្តិ៍ ប្រជាការពារ និងមេភូមិទាំងអស់ នៃសង្កាត់ផ្សារដើមគ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩ និង០០ នាទីព្រឹក នៅសាលាសង្កាត់ផ្សារដើមគ ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។ 

ស្ថិតក្នុងពិធីសំណេះសំណាលខាងលើ ឯកឧត្តមអភិបាលខណ្ឌ បានណែនាំដល់ លោកចៅសង្កាត់ និងសហការីទាំងអស់ ត្រូវតែបន្តបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយសេចក្ដីស្មោះត្រង់ ដោយត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចដូចជា ៖ ពង្រឹងការងារទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលជាភារកិច្ចការពារខឿនសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការងារអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព , ពង្រឹងការងារថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ត្រូវតែបង្កើនល្បឿន ផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ មានទាំង សេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយ គណនេយ្យភាព និងការទទួលខុសត្រូវ ស្របតាមពាក្យស្លោក “ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”  ។ ជាចុងក្រោយ លោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់ រដ្ឋបាលសង្កាត់ និងរដ្ឋបាលប៉ុស្តិ៍ នូវ ថវិកា ចំនួន ៥០០,០០០ រៀល អាកុល ១ កាន និងម៉ាស់ចំនួន ២០ ប្រអប់ ជាការលើកទឹកចិត្តផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖