ខ្សែប្រយុទ្ធ Cristiano Ronaldoរកបានដល់ទៅ២គ្រាប់នៅក្នុងជ័យជម្នះរបស់Manchester Unitedទៅលើក្រុម Newcastle United ដោយលទ្ធផល ៤-១ កាលពីយប់មិញ។
កីឡាករវ័យ៣៦ឆ្នាំនេះបានបង្ហាញខ្លួននៅក្នុងទឹកដី Old Trafford ជាលើកដំបូងបន្ទាប់ពីចាកចេញអស់រយៈពេល១២ឆ្នាំ។ហើយការបង្ហាញខ្លួនសារជាថ្មីម្តងទៀតនេះបានធ្វើឲ្យមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រទូទាំងសកលលោក។
ក្នុងការប្រកួតនោះ កីឡាករ Cristiano Ronaldo បានជួយក្រុមបិសាចក្រហមនាំមុខមុននៅនាទី៤៥+២ជិតចប់តង់ទីមួយ។
ក្រុមសារិកាព្រៃ Newcastle United បានតាមស្មើវិញនៅនាទីទី៥៦។ ម្ចាស់ផ្ទះបានបន្ថែមការវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវធ្វើឲ្យម្ចាស់ផ្ទះបន្តនាំមុខវិញដោយកីឡាករCristiano Ronaldoនៅនាទីទី៦២ កីឡាករBruno Fernandesនៅនាទីទី៨០ និងចុងក្រោយកីឡាករ Jesse Lingardនាទី៩០+២ បន្ថែមមុនចប់ការប្រកួត។
ក្រោយការប្រកួតចប់ Ronaldo បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ពេលចាប់ផ្ដើមការប្រកួត ខ្ញុំភ័យខ្លាំងណាស់ នេះជារឿងពិត។ វាជាធម្មតាទេ ព្រោះខ្ញុំមិនរំពឹងថាអ្នកគាំទ្រស្រែកច្រៀងឈ្មោះរបស់ខ្ញុំពេញការប្រកួតបែបនេះទេ។ ខ្ញុំពិតជាភ័យ រំភើបខ្លាំងណាស់។ ប្រហែលជាខ្ញុំមិនបានបង្ហាញវា ប៉ុន្តែខ្ញុំពិតជាភ័យមែន។ ការទទួលនេះពិតជាអស្ចារ្យ ក្លឹបនេះពិតជាអស្ចារ្យខ្លាំងណាស់”។
គួររំលឹកថាRonaldo រកបាន១១៨គ្រាប់ក្នុងចំណោម២៩២ប្រកួតនៅចន្លោះឆ្នាំ២០០៣ដល់២០០៩ឲ្យបិសាចក្រហម។ ក្នុងរយៈពេល១២ឆ្នាំក្រោយចាកចេញពីManchester Unitedកីឡាករសញ្ជាតិព័រទុយហ្គាល់នេះ រកបាន៥៥១គ្រាប់ឲ្យក្រុមReal Madrid និង Juventus ៕(ដោយ៖ ភារៈ)
ប្រភពរូប៖ https://www.dailymail.co.uk