ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldoរកបាន២គ្រាប់ជួយបិសាចក្រហមឈរកំពូលតារាងអង់គ្លេសPremier League

ចែករំលែក៖

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldoរក​បាន​ដល់​ទៅ​២​គ្រាប់នៅក្នុងជ័យជម្នះរបស់Manchester Unitedទៅលើក្រុម Newcastle United ដោយលទ្ធផល ​៤-១ កាលពីយប់មិញ។

កីឡាករវ័យ៣៦ឆ្នាំនេះបានបង្ហាញខ្លួននៅក្នុងទឹកដី Old Trafford ជាលើកដំបូងបន្ទាប់ពីចាកចេញអស់រយៈពេល១២ឆ្នាំ។ហើយការបង្ហាញខ្លួនសារជាថ្មីម្តងទៀតនេះបានធ្វើឲ្យមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រទូទាំងសកលលោក។

ក្នុងការប្រកួតនោះ កីឡាករ Cristiano Ronaldo បានជួយក្រុមបិសាចក្រហមនាំមុខមុននៅនាទី៤៥+២ជិតចប់តង់ទីមួយ។

ក្រុមសារិកាព្រៃ Newcastle United​ បានតាមស្មើវិញនៅនាទីទី៥៦។ ម្ចាស់ផ្ទះបានបន្ថែមការវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវធ្វើឲ្យម្ចាស់ផ្ទះបន្តនាំមុខវិញដោយកីឡាករCristiano Ronaldoនៅនាទីទី៦២ កីឡាករBruno Fernandesនៅនាទីទី៨០ និងចុងក្រោយកីឡាករ Jesse Lingardនាទី៩០+២ បន្ថែមមុនចប់ការប្រកួត។

ក្រោយការប្រកួតចប់ Ronaldo បានថ្លែងប្រាប់អ្នកសារព័ត៌មានថា  ពេល​ចាប់​ផ្ដើម​ការ​ប្រកួត ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ​នេះ​ជា​រឿង​ពិត។ ​វា​ជា​ធម្មតា​ទេ ព្រោះ​ខ្ញុំ​មិន​រំពឹង​ថា​អ្នក​គាំទ្រ​ស្រែក​ច្រៀង​ឈ្មោះ​របស់​ខ្ញុំ​ពេញ​ការ​ប្រកួត​បែប​នេះ​ទេ។ ខ្ញុំ​ពិត​ជា​ភ័យ រំភើប​ខ្លាំង​ណាស់។ ប្រហែល​ជា​ខ្ញុំ​មិន​បាន​បង្ហាញ​វា ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ភ័យ​មែន។ ការ​ទទួល​នេះ​ពិត​ជា​អស្ចារ្យ ក្លឹប​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់

គួររំលឹកថា​Ronaldo រកបាន១១៨គ្រាប់ក្នុងចំណោម២៩២ប្រកួតនៅចន្លោះឆ្នាំ២០០៣ដល់២០០៩ឲ្យបិសាចក្រហម។ ក្នុងរយៈពេល១២ឆ្នាំក្រោយចាកចេញពីManchester Unitedកីឡាករសញ្ជាតិព័រទុយហ្គាល់នេះ រកបាន៥៥១គ្រាប់ឲ្យក្រុមReal Madrid និង Juventus ៕(ដោយ៖ ភារៈ)

ប្រភពរូប៖ https://www.dailymail.co.uk

 


ចែករំលែក៖