ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ទទួលថវិកានិងស្បៀងពីក្រុមហ៊ុនឯកជន ដើម្បីនាំទៅចែកជូនកងកម្លាំងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាថវិកានិងស្បៀងអាហារមួយចំនួនពីក្រុមហ៊ុនឯកជនមួយ ដើម្បីនាំយកអំណោយនិងស្បៀងអាហារទាំងនេះទៅសួរសុខទុក្ខនិងផ្តល់ជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

   ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ នៅសាលារាជធានីភ្នំពេញ។

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមអភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថម្ភថវិកាចំនួន២០,០០០, ០០០រៀល អង្ករចំនូន២តោន (២០០បាវ ក្នុង១បាវស្មើនិឹង១០គីឡូក្រាម) មីចំនួន៣០០កេសតូច,ត្រីខចំនួន២០០កេសតូច ជូនរដ្ឋបាលរាជធានីភ្នំពេញក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។ 

   ទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងជួរមុខ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សំរិត


ចែករំលែក៖