ព័ត៌មានទាន់ហេតុការណ៍៖

ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម ១២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម ១២ឆ្នាំ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា (គ.វ.ក-១៩) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលនឹងចាប់ផ្តើមបើកយុទ្ធនាការចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងខេត្តទាំង២១ទៀត នឹងត្រូវចាប់ផ្តើមបើក យុទ្ធនាការចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដែលមានដូចខាងក្រោម៖

ក. ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ៖ ចំពោះកូនចៅរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ សូមទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និងពេលវេលាដូចខាង ក្រោម៖

១. មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង៖

ចំពោះកូនចៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក រដ្ឋសភា និងកូនចៅឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមាន ឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំពោះកូនចៅឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យព្រះអង្គឌួង។

ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់ក្រុមគោលដៅខាងលើ នឹងត្រូវរៀបចំតាមពេលវេលា និងកាលបរិច្ឆេទដូចខាងក្រោមតាមតារាងដែលគណ:កម្មាធិការកំណត់ ៖

អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវ ធ្វើសេចក្តីជូនព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដោយ មានភ្ជាប់ជាមួយនូវកម្មវិធី ពេលវេលា និងទីតាំងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវចាត់ចែងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ដល់កុមារ ដែលមកចាក់វ៉ាក់សាំងទាំងអស់ឱ្យមានភាពរលូន និងគ្រប់គ្រងសណ្តាប់ធ្នាប់ ព្រមទាំងអនុវត្តន៍វិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពចាប់ពី១,៥ម៉ែត្រឡើង លាងដៃញឹកញាប់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ នៅតាមទីតាំងចាក់ វ៉ាក់សាំងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ (គវ.ក-១៩) សូមអំពាវនាវដល់ លោកអ៊ុំពូមីង ពុកម៉ែ បងប្អូនទាំងអស់ សូមមេត្តាចូលរួម ដោយនាំកូនចៅ ចៅទួត ក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅ តាមទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ឱ្យបានគ្រប់គ្នា។ ទន្ទឹមគ្នានេះដែរ ទោះបីជា បុគ្គលម្នាក់ៗបានទទួលការចាក់វ៉ាក់សាំង រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ «៣ការពារ» (ពាក់ម៉ាស់លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយ ម៉ែត្រកន្លះឡើងទៅ) និង «៣កុំ» (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះ ពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួល ខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ សូមមើលតាមតារាង៕

ដោយ ៖ សិលា


ចែករំលែក៖