ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានធ្វើការអំពាវនាវដល់មាតាបិតា បញ្ជូនកូន ចៅអាយុពី៦ ឆ្នាំដល់១២ ទៅចាក់វ៉ាក់សាំង នៅទីតាំង៥កន្លែង ក្នុងទឹកដីខណ្ឌកំបូល ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃ១៧នេះតទៅ ។ លោក ឃឹម ស៊ុនសូដា បានអំពាវនាវបែបនេះ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាស ចុះពិនិត្យការបេីកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារអាយុ៦ ឆ្នាំដល់ក្រោម១២ ឆ្នាំនៅវត្ដកំបូល ជាមិត្ដរូបតំណាង ឲ្យមណ្ឌលចាក់វ៉ាក់សាំងទាំង៥ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល។
ក្នុងឱកាសនេះ ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតា បិតា អាណាព្យាបាលកុមារដែលត្រូវចាក់វ៉ាក់សាំង មានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនដល់កុមារ ដេីម្បីការពារសុខមាលភាពកុមារ បង្កេីតភាពស៊ាំ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដេីម្បី មានលទ្ធភាពបេីកសាលារៀនឡេីងវិញនាពេលឆាប់ខាងមុខ ។
សូមបញ្ជាក់ថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ ដល់ក្រោម១២ ឆ្នាំដូសទី១ គឺចាប់ពីថ្ងៃទី១៧កញ្ញាដល់ថ្ងៃទី០៣ខែតុលា ឆ្នាំ ២០២១។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌកំបូលដែលមានកូនៗ ឬក្មួយ ដែលមានអាយុចាប់ពី០៦ ដល់ក្រោម១២ឆ្នាំ អញ្ជេីញទៅទំនាក់ទំនងជាមួយរដ្ឋបាលសង្កាត់ទាំង០៧ដេីម្បីបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩បានទាំងអស់គ្នា៕
ដោយ ៖ សំរិត