ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកសុខាភិបាលបារាំង៣ពាន់នាក់ត្រូវបញ្ឈប់ពីការងារដោយសារតែមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចែករំលែក៖

បុគ្គលិកសុខាភិបាលបារាំង ប្រមាណ៣ពាន់នាក់ត្រូវបានបង្ខំឲ្យផ្អាកពីការងារ ដោយសារតែមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ សារព័ត៌មាន RTL របស់បារាំងបានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង Olivier Véran បានសម្រេចបញ្ឈរជើងបុគ្គលិកសុខាភិបាលដែលមិនព្រមចាក់វ៉ាក់សាំង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ការសម្រេចផ្អាកការងារនេះគ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ ហើយបុគ្គលិកសុខាភិបាលជាច្រើនរូបក្នុងចំណោម៣ពាន់នាក់បានសម្រេចទៅចាក់វ៉ាក់សាំងដើម្បីបានវិលត្រឡប់ទៅធ្វើការវិញ ។
ទន្ទឹមនឹងនោះ លោក Veran បានឱ្យដឹងថា បើទោះបីរងផលប៉ះពាល់ខ្លះដោយសារតែផ្អាកបុគ្គលិកសុខាភិបាល ប៉ុន្តែដើម្បីសុវត្ថិភាព គុណភាព ក្នុងពេលមើលថែអ្នកជំងឺ យើងចាំបាច់ត្រូវតែធ្វើបែបនេះ ។
សូមបញ្ជាក់ថា ការសម្រេចបង្ខំចាក់វ៉ាក់សាំងដល់បុគ្គលិកវិស័យសុខាភិបាលចំនួន២,៧លាននាក់នៅទូទាំងប្រទេសបារាំងគឺជារឿងចាំបាច់បំផុត ដើម្បីធានាសុវត្ថិភាព។ រដ្ឋាភិបាលបានទុកពេលឲ្យបុគ្គលិកសុខាភិបាលទៅចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១២ខែកក្កដា ដល់ថ្ងៃទី១៥ខែកញ្ញា។ ប៉ុន្តែផុតកំណត់ហើយនៅមានបុគ្គលិកសុខាភិបាលចំនួនជាង៣ពាន់នាក់ទៀតមិនទាន់ចាក់វ៉ាក់សាំង ។
មកទល់ពេលនេះ មានពលរដ្ឋបារាំងពេញវ័យរហូតដល់៩០%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩យ៉ាងតិចមួយដូស ។ ជាមួយគ្នានេះបារាំងក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារមានអាយុចាប់ពី១២ឆ្នាំឡើងទៅផងដែរ៕

ដោយ៖ ធីរីណា


ចែករំលែក៖